(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះបានសន្យាថានឹងតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន នៅចំពោះមុខការបង្កើន ការដាក់សម្ពាធទាំងនយោបាយ និងយោធាពីចិន ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនតែងតែព្រមានជារឿយៗថាខ្លួននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ នៅក្នុងករណីចាំបាច់ ខណៈតៃវ៉ាន់ដែលស្ថិតក្រោមការដឹកនាំរបស់ លោក Lai និងរដ្ឋាភិបាលរបស់លោកបង្ហាញការប្រឆាំងនឹងការសម្លុតគំរាមបែបនេះពីចិន។ ជាថ្មីម្ដងទៀត នៅក្នុងសុន្ទរកថាមួយនាឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់ លោក Lai បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងបន្តប្ដេជ្ញាប្រឆាំងនឹងរាល់ការឈ្លានពាន ឬការរំលោភបំពានលើអធិបតេយ្យរបស់យើង»

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធម្សិលមិញ បាននិយាយថាចិនប្រហែលជាប្រើប្រាស់សុន្ទរកថារបស់លោក Lai Ching-te ក្នុងថ្ងៃបុណ្យជាតិរបស់ តៃវ៉ាន់ ជាលេសដើម្បីធ្វើសមយុទ្ធយោធា បន្ទាប់ពីទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ បានចោទប្រកាន់ថាលោក Lai កំពុងបង្កើនសកម្មភាពអរិភាព និងការប្រឈមមុខដាក់គ្នា ក្រោយមេដឹកនាំតៃវ៉ាន់រូបនេះនិយាយថាចិនមិនមែនជាប្រទេសកំណើតរបស់តៃវ៉ាន់៕