(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃពុធ ទី៩ ខែតុលា បានអះអាងថាកងកម្លាំងរបស់ខ្លួន បានបំផ្លាញឃ្លាំងអាវុធមួយកន្លែងដែលស្ដុកទុកដ្រូនរាប់រយគ្រឿង ស្ថិតនៅក្នុងតំបន់ Krasnodar នៃភាគខាងត្បូងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអ៊ុយក្រែន បានបញ្ជាក់នៅលើ Telegram ថាខ្លួនបានវាយប្រហារលើឃ្លាំងស្ដុកដ្រូន Shahed (ផ្គត់ផ្គង់ដោយអ៉ីរ៉ង់) ស្ថិតនៅក្បែរទីក្រុង Oktyabrsky នៃតំបន់ Krasnodar របស់រុស្ស៉ី ហើយដែលមានដ្រូនប្រយុទ្ធប្រហែល ៤០០គ្រឿងស្ដុកនៅទីនោះ។ «ការបំផ្លិចបំផ្លាញឃ្លាំងស្ដុកដ្រូន Shahed នឹងកាត់បន្ថយយ៉ាងសំខាន់នូវសមត្ថភាពរបស់ពួកឈ្លានពាន នៅក្នុងការវាយប្រហារលើជនស៊ីវិល នៅតាមបណ្ដាទីក្រុង និងភូមិរបស់អ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់យោធាអ៊ុយក្រែន ខណៈខាងរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការអះអាងរបស់អ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា តំបន់ Krasnodar ស្ថិននៅជាប់នឹងភាគខាងកើតនៃតំបន់គ្រីមៀ ហើយស្ថិតនៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រពីតំបន់សមរភូមិមុខដែលគ្រប់គ្រងដោយអ៊ុយក្រែន។ ចំណែក Shahed គឺជាប្រភេទដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ ដែលរុស្ស៉ីបានប្រើប្រាស់ស្ទើរជាប្រចាំក្នុងការវាយប្រហារលើអ៊ុយក្រែន៕