(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី៩ ខែតុលានេះ ប្រជាជនក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ជម្លៀសខ្លួន មុនការមកដល់នៃព្យុះហឺរីខេន Milton ដែលត្រូវបានចាត់ថ្នាក់ជាព្យុះកម្រិតទី ៥ ហើយអាចជះឥទ្ធិពលខ្លាំងក្លាបំផុតមិនធ្លាប់មាន សម្រាប់តំបន់ឈូងសមុទ្រនៃរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្របពេលដែលមនុស្សជាង ១លាននាក់ រស់នៅតាមតំបន់ឆ្នេរ ស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញ អ្នកភៀសខ្លួនត្រូវទៅជាប់កកកុញ នៅតាមផ្លូវហាយវេ ខណៈស្ថានីយ៍ប្រេងឥន្ធនៈខ្លះ ក៏អស់ប្រេងឥន្ធនៈសម្រាប់លក់។ ព្យុះហឺរីខេន Milton កំពុងឆ្ពោះមកកាន់ទីប្រជុំជន Tampa Bay ជាផ្ទះរបស់មនុស្សជាង ៣លាននាក់ ទោះបីជាមានការព្យាករថា អាចប្រែប្រួលខ្លះមុនពេលបោកបក់មកដល់ នៅយប់ថ្ងៃពុធ ឬព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ក៏ដោយ។

ព្យុះនេះស្ថិតនៅលើផ្លូវដ៏កម្រមួយ ទិសដៅពីលិចទៅកើត កាត់ឈូងសមុទ្រនៃប្រទេសម៉ិកស៉ិក ហើយទំនងជានឹងនាំមក នូវភ្លៀងធ្លាក់កម្ពស់ ៣ម៉ែត្រឬច្រើនជាងនេះ នៅឆ្នេរសមុទ្រនៃរដ្ឋ Florida។ មន្ត្រីនៃរដ្ឋបាលលោក បៃដិន បានព្រមានដល់ប្រជាជនក្នុងតំបន់ ឱ្យជម្លៀសចេញ បើពុំនោះទេនឹងត្រូវប្រថុយគ្រោះថ្នាក់។ តាមមជ្ឈមណ្ឌលជាតិ តាមដានព្យុះហឺរីខេន Milton ផ្ទុកនូវកម្លាំងខ្យល់អតិបរមា ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាល្បឿនខ្យល់ អាចថយចុះបន្តិចក្តី តែទំហំនៃព្យុះអាចធ្វើឲ្យតំបន់ឆ្នេរ កាន់តែមានគ្រោះថ្នាក់។

តំបន់ជាប់ឆ្នេរសមុទ្រជាច្រើន បានដាក់ការណែនាំឱ្យជម្លៀសជាកាតព្វកិច្ច រួមទាំងតំបន់ Hillsborough នៃទីក្រុង Tampa ផងដែរ។ រីឯតំបន់ Pinellas ដែលរួមមានទីក្រុង St. Petersburg បានបញ្ជាឱ្យជម្លៀសមនុស្សជាង ៥០០,០០០នាក់។ ដោយឡែក តំបន់ Lee មានមនុស្ស ៤១៦,០០០នាក់រស់នៅក្នុងតំបន់ ដែលត្រូវតែជម្លៀសចាំបាច់៕