(តៃប៉ិ)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនភាគច្រើននៅកោះតៃវ៉ាន់ មានជំនឿចិត្តថា ចិនទំនងជានឹងមិនធ្វើការឈ្លានពាន ក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះឡើយ ប៉ុន្តែទទួលស្គាល់ថា ទីក្រុងប៉េកាំងគឺជាការគំរាមកំហែងធំមួយ ចំពោះដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤។

លទ្ធផលនៃការស្ទង់មតិមួយ ធ្វើឡើងកាលពីខែមុនដោយ វិទ្យាស្ថាន Institute for National Defence and Security Research របស់តៃវ៉ាន់ ក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ៦១ភាគរយ យល់ថា វាទំនងជាមិនទៅរួចឡើយ ដែលចិន​នឹងបើកការវាយប្រហារមកលើតៃវ៉ាន់ ក្នុងចន្លោះពេល៥ឆ្នាំខាងមុខ ប៉ុន្តែពួកគេដឹងថា ចិនគឺជាការគំរាមកំហែងធំមួយសម្រាប់តៃវ៉ាន់។

ការស្ទង់មតិខាងលើ ស្តែងពីភាពផ្ទុយគ្នាទៅនឹងការព្រមានមួយ របស់ប្រធានទីភ្នាក់ងារចារកម្មអាមេរិក CIA ដែលបានអះអាង កាលពីឆ្នាំមុនថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានបញ្ជាឱ្យយោធាចិនត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីបើកការឈ្លានពាន​លើតៃវ៉ាន់ នៅឆ្នាំ២០២៧។

ទន្ទឹមគ្នានោះ ៦៧ភាគរយនៃអ្នកចូលរួមស្ទង់មតិ បាននិយាយថា ពួកគេនឹងចូលរួមប្រយុទ្ធតស៊ូ ប្រសិនបើចិនបើកការវាយប្រហារ ប៉ុន្តែខ្វែងគំនិតគ្នា ជុំវិញសំណួរថា តើកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារដែនកោះនេះឬអត់ ដោយមតិពាក់កណ្តាល បង្ហាញភាពជឿជាក់ ខណៈពាក់កណ្តាលទៀត មិនមានភាពជឿជាក់។ មិនតែប៉ុណ្ណោះ ទស្សនៈក៏មានការផ្ទុយគ្នាផងដែរ ជុំវិញសំណួរថា តើអាមេរិកនឹងជួយការពារតៃវ៉ាន់ដែរឬទេ។ ស្របពេល៧៤ភាគរយ ជឿថារដ្ឋាភិបាលអាមេរិក ទំនងជានឹងជួយតៃវ៉ាន់ ដោយប្រយោល តាមរយៈការផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ និងសព្វាវុធ មានតែ៥២ភាគរយប៉ុណ្ណោះ ដែលជឿថា យោធាអាមេរិកនឹងចល័តកងកម្លាំងរបស់ខ្លួន មកចូលរួមធ្វើអន្តរាគមន៍។

គួរបញ្ជាក់ថា កន្លងមកនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្កឱ្យរដ្ឋាភិបាលចិន មានការមិនពេញចិត្ត តាមរយៈការអត្ថាធិប្បាយមួយចំនួន ដែលហាក់មានន័យថា សហរដ្ឋអាមេរិក នឹងចូលជួយការពារតៃវ៉ាន់ដោយផ្ទាល់ ប្រសិនបើរងការវាយប្រហារពីចិន ខណៈជំហរបែបនេះបើជាការពិត គឺផ្ទុយស្រឡះពីគោលជំហរប្រកាន់ខ្ជាប់ជាយូរមកហើយ របស់អាមេរិក ហៅថា Strategic Ambiguity ឬយុទ្ធសាស្រ្តមិនបង្ហាញជំហរច្បាស់លាស់ ដែលធ្វើឱ្យគេពិបាកប៉ាន់ស្មាន៕