(វៀងចន្ទន៍)៖ នៅថ្ងៃពុធ ទី៩ ខែតុលា ក្រុមមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅប្រទេសឡាវ សម្រាប់កិច្ចប្រជុំកំពូល ដែលត្រូវបានរំពឹងថា នឹងរួមមាន ការស្វែងរកមធ្យោបាយដោះស្រាយ វិបត្តិសង្រ្គាមស៉ីវិលដ៏រ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា ខណៈថៃបានស្នើឡើងនូវច្រកផ្លូវថ្មីមួយ ដើម្បីឆ្ពោះទៅរក ដំណោះស្រាយនយោបាយ បន្ទាប់ពី​កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់អាស៊ាន បន្តទទួលបានភាពរីកចម្រើនតិចតួច មកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារ ថៃបានស្នើរៀបចំ «កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ» នៃសមាជិកទាំង១០របស់អាស៊ាន នៅខែធ្នូ ចុងឆ្នាំនេះ ដើម្បីព្យាយាមស្វែងរកច្រកចេញ សម្រាប់វិបត្តិមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា កិច្ចផ្តួចផ្តើមរបស់ថៃ នឹងជួយបំពេញបន្ថែមលើកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដែលមានស្រាប់របស់អាស៊ាន។

ការផ្តួចផ្តើមសំណើខាងលើពីសំណាក់ប្រទេសថៃ គឺកើតមានឡើងស្របពេលដែលអាស៊ាន ហាក់មានជម្រើសកាន់តែតិចទៅៗ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ មកទល់ពេលនេះ គឺសឹងតែគ្មានភាពរីកចម្រើនសោះតែម្តង ជុំវិញផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានព្រមព្រៀង តាំងពីខែមេសា ឆ្នាំ២០២១ ពោលគឺត្រឹមប៉ុន្មានខែ ក្រោយរដ្ឋប្រហារយោធា ដែលជាដើមចមបានបង្កឱ្យមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងភាពវឹកវរ។ ចំណែក កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ ដែលជំរុញដោយ​ឥណ្ឌូណេស៉ី ដើម្បីបញ្ចុះបញ្ចូលឱ្យមានកិច្ចសន្ទនា រវាងរបបសឹកមីយ៉ាន់ម៉ា និងក្រុមប្រឆាំងរដ្ឋប្រហារ ក៏ហាក់មិនទទួលបាន​លទ្ធផលជាផ្លែផ្កាអ្វីដែរ។

គួរបញ្ជាក់ថា កន្លងមកនេះ ថៃធ្លាប់បានលើកឡើងថា ប្រទេសជិតខាងដទៃទៀតរបស់មីយ៉ាន់ម៉ា ដែលមានឥទ្ធិពលធំ ដូចជាចិន និងឥណ្ឌា ជាដើម ប្រហែលអាចដើរតួនាទីសំខាន់ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ប៉ុន្តែផែនការចុងក្រោយខាងលើរបស់ថៃ គឺកំណត់នៅត្រឹមក្នុងអាស៊ានផ្ទាល់ប៉ុណ្ណោះ ដោយមិនមានការពាក់ព័ន្ធ ជាមួយប្រទេសខាងក្រៅឡើយ។ លោក Nikorndej បាននិយាយថា ការសម្រេចចិត្តណាមួយ ថាតើថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ា ឬក៏ក្រុមប្រឆាំងរបស់ពួកគេ នឹងត្រូវអញ្ជើញ​ឱ្យចូលរួម ក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ដែរឬយ៉ាងណានោះ គឺនឹងអាស្រ័យទៅលើឡាវ ដែលជាប្រធានប្តូរវេនអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត៕