(ប៉េកាំង)៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ ទី៨ ខែតុលា បាននិយាយថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te កំពុងបង្កើន​ភាពតានតឹងជាមួយចេតនាអាក្រក់ ខណៈការចោទប្រកាន់នេះធ្វើឡើង មុនពេលលោក Lai ត្រូវថ្លែងសារសំខាន់មួយ ដែលអាចនឹង​ញ៉ាំងឱ្យទីក្រុងប៉េកាំង ធ្វើសកម្មភាពយោធា ដើម្បីឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lai ដែលបានឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំនេះ ក្រោយឈ្នះការបោះឆ្នោតខែមករា គឺត្រូវចិនមិនពេញចិត្តជាខ្លាំង។ ចិនចាត់ទុករូបលោក ជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់។ ឆ្លើយតបចំពោះការអត្ថាធិប្បាយ កាលពីចុងសប្តាហ៍មុន ដោយលោក Lai បាននិយាយថា វាជារឿងមិនអាចទៅរួច ដែលចង់ឱ្យចិនក្លាយជាដែនដីកំណើតរបស់តៃវ៉ាន់ ដ្បិតតៃវ៉ាន់មានឫសគល់នយោបាយចាស់វស្សាជាងចិននោះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា លោក Lai កំពុងយល់ខុសជាខ្លាំង។

ទីក្រុងប៉េកាំងបានលើកឡើងថា លោក Lai នៅតែបន្តព្យាយាមបញ្ចុះបញ្ចូលពិភពលោកថា ភាគីទាំងពីរដែលនៅត្រើយទាំងសងខាង​នៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសដាច់ដោយឡែកពីគ្នា ប៉ុន្តែវាមិនពិតឡើយ ហើយប្រការនេះបង្ហាញឱ្យឃើញសាជាថ្មីម្តងទៀត នូវគោលជំហរចចេសរឹងរូសរបស់លោក ជុំវិញបញ្ហាឯករាជ្យតៃវ៉ាន់ ព្រមទាំងចេតនាអាក្រក់របស់លោក ក្នុងការបង្កើនអរិភាព និង​ការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Lai Ching-te នឹងត្រូវថ្លែងសារសំខាន់មួយ ក្នុងឱកាសខួប នៃការផ្តួលរំលំរបបរាជានិយមចុងក្រោយបំផុតរបស់ចិន កាលពីឆ្នាំ១៩១១។ ចិនត្រូវគេមើលឃើញថា ទំនងជានឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបការថ្លែងសាររបស់លោក Lai៕