(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងភូមិចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន ហើយវាជាជោគជ័យថ្មីមួយទៀតក្នុងជំហានឆ្ពោះ ទៅមុខក្នុងតំបន់ Donbas។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ពុធ ទី៩ ខែតុលា ឆ្នាំ ២០២៤។

តាមរបាយការណ៍របស់ក្រសួង រុស្ស៉ីកំពុងគ្រប់គ្រងភូមិ Zolota Nyva និងភូមិ Zoryane Pershe ដែលមានប្រជាជនរស់នៅប្រហែល ១០០នាក់។ ភូមិនេះស្ថិតនៅក្នុងទីក្រុង Kurakhove ដែលជាចំណុចស្នូលមួយនៃសមរភូមិជួរមុខ ភាគខាងកើតអ៊ុយក្រែន។ ដោយឡែក គណនីបណ្តាញសង្គមផ្លូវការនានារបស់អ៊ុយក្រែន មិនបាននិយាយពីការបាត់បង់ភូមិណាមួយទេ ប៉ុន្តែ​មេបញ្ជាការ​អ៊ុយក្រែន​ ​ទទួល​ស្គាល់​ថា​ ទីក្រុង Kurakhove ពិតជាកន្លែងដែលមានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ក្លាបំផុតមួយ​ នៃសមរភូមិ​ភាគ​ខាងកើត។

គួរបញ្ជាក់ថា ភូមិ​ទាំងពីរនេះ ​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃ​ទិសដៅវាយលុកដ៏​សំខាន់​របស់​រុស្ស៉ី ដើម្បីឆ្ពោះ​ទៅកាន់​ទីក្រុង Pokrovsk ដែលជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​សម្រាប់​កងទ័ព​អ៊ុយក្រែន នៅក្នុងតំបន់ Donbas៕