(ឡង់ដ៍)៖ ក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីន បានបង្កការរំខាន និងលាបថ្នាំលាបពណ៌ក្រហម នៅការិយាល័យរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ Allianz ចំនួន ១០កន្លែង នៅចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងនឹងទំនាក់ទំនងរបស់ក្រុមហ៊ុននេះ ជាមួយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Elbit Systems។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤។

សកម្មជនគាំទ្រប៉ាឡេស្ទីន ដែលគេស្គាល់ថា Palestine Action បានអះអាងទទួលខុសត្រូវចំពោះសកម្មភាពនេះ ដោយនិយាយថា ពួកគេចង់បង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន និងប្រឆាំងនឹងអំពើហិង្សារបស់អ៊ីស្រាអែល។

ក្រុម Palestine Action បាននិយាយថា Allianz គឺជាក្រុមហ៊ុនធានារ៉ាប់រង សម្រាប់ក្រុមហ៊ុន Elbit Systems របស់អ៊ីស្រាអែល។ ពួកគេបានជំរុញឱ្យអតិថិជន ធ្វើពហិការក្រុមហ៊ុនហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ អ្នកនាំពាក្យក្រុមហ៊ុន Allianz បានបញ្ជាក់ពីការរំខាននេះ ហើយបាននិយាយថា ការិយាល័យជាច្រើនត្រូវបានបិទ ដើម្បីសុវត្ថិភាព។ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពនេះ។

ការតវ៉ានេះ ធ្វើឡើងនៅថ្ងៃខួបមួយឆ្នាំ នៃការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅហ្គាហ្សា។ ក្រុម Palestine Action បានប្រើប្រាស់ថ្នាំលាបពណ៌ក្រហម ដើម្បីតំណាងឱ្យការបង្ហូរឈាមនៅហ្គាហ្សា និងជានិមិត្តរូបនៃការតវ៉ារបស់ពួកគេ។

គួរបញ្ជាក់ថា Allianz គឺជាក្រុមហ៊ុនហិរញ្ញវត្ថុចុងក្រោយបង្អស់ ដែលត្រូវបានកំណត់គោលដៅ ដោយក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីន។ ក្រុមហ៊ុនផ្សេងទៀត ដូចជា Barclays និង Elbit Systems UK ក៏ត្រូវបានកំណត់គោលដៅផងដែរ៕