(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី បានប្រកាសនៅថ្ងៃអង្គារ ទី៨ ខែតុលានេះថា នាវាតួកគីនឹងជួយជម្លៀសប្រជាជន ដែលស្នើសុំចាកចេញពីប្រទេសលីបង់ តា​មច្រកសមុទ្រ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាវាពីរគ្រឿង នឹងចាកដំណើរទៅកាន់ទីក្រុងបេរូត នៅថ្ងៃអង្គារនេះ ជាមួយនិងសមត្ថភាពផ្ទុកអ្នកដំណើរ សរុបប្រហែល ២,០០០នាក់។ ដំណើរការជម្លៀសនឹងបន្តរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ប្រសិនបើអាចធ្វើទៅបាន ហើយនាវាដែលអនុវត្តការជម្លៀស ក៏នឹងដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេសលីបង់ផងដែរ។ តាមក្រសួងការបរទេស ជនជាតិតួកគីប្រហែល ២,៥០០នាក់ បានដាក់សំណើសុំឱ្យជួយជម្លៀសពួកគេ ចេញពីលីបង់ ប៉ុន្តែក្រោយ​​ពិនិត្យ​រួច សមត្ថភាពនាវាមួយគឿង អាចនឹងគ្រប់គ្រាន់សម្រាប់ដឹកមនុស្ស ២,០០០នាក់។

គួរបញ្ជាក់ថា កន្លងមក តួកគី និយាយថាខ្លួនកំពុងធ្វើការជាមួយប្រទេសប្រហែល ២០ លើការរៀបចំសម្រាប់ការជម្លៀសជនបរទេស ដែលអាចធ្វើទៅបានតាមរយៈប្រទេសតួកគី។ មនុស្សរាប់រយនាក់ មានសញ្ជាតិផ្សេងៗគ្នា ដែលចាកចេញពីលីបង់ បានមកដល់តួកគី កាលពីសប្តាហ៍មុន តាមស្រឡាងពាណិជ្ជកម្ម៕