(សេអ៊ូល)៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤នេះថា ទាហានកូរ៉េខាងជើង ទំនងជាបានចូលរួម ក្នុងការប្រយុទ្ធគ្នានៅអ៊ុយក្រែន ក្នុងនាមជាកងកម្លាំងរបស់រុស្ស៉ី ហើយអ្នកខ្លះអាចបានស្លាប់រួចទៅហើយ និងត្រូវបានរំពឹងថា នឹងមានការបញ្ជូនទៅបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន រាយការណ៍ថា មន្រ្តីយោធាកូរ៉េខាងជើង ៦នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ដោយមីស៉ីលអ៊ុយក្រែន លើទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ ក្បែរតំបន់ដូណេត។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានប្រាប់សមាជិកសភា ដូច្នេះថា «ដោយពិចារណា ទៅលើកាលៈទេសៈផ្សេងៗ យើងវាយតម្លៃថា ការកើតឡើងនូវអ្នកស្លាប់ និងរបួសក្នុងចំណោមមន្រ្តី ក៏ដូចជាទាហានកូរ៉េខាងជើង នៅអ៊ុយក្រែន ទំនងជាអាចទៅរួច»។ លោកបានឱ្យដឹងទៀតថា កូរ៉េខាងជើង ក៏រំពឹងថានឹងបញ្ជូនទាហានបន្ថែម ទៅគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ី។ ការបញ្ជូននេះទៀតសោត ក៏ទំនងជាមានក្នុងកិច្ចព្រមព្រៀងទ្វេភាគី ដែលស្រដៀងនឹងសម្ព័ន្ធភាពយោធារុស្ស៉ី-កូរ៉េខាងជើង។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តចាប់តាំងពីការបង្កើតប្រទេសកូរ៉េខាងជើង ក្រោយសង្គ្រាមលោកលើកទី ២ ហើយទំនាក់ទំនងប្រទេសទាំងពីរនេះ កាន់តែជិតស្និទ្ធឡើង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន នៅឆ្នាំ ២០២២។ ក្រុមអ្នកជំនាញ បាននិយាយជាយូមកហើយថា មីស៉ីលកូរ៉េខាងជើង ក៏កំពុងត្រូវបានរុស្ស៉ីដាក់ពង្រាយ នៅអ៊ុយក្រែន។ ប៉ុន្តែទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធ៕