(បរទេស)៖ អង្គការសហប្រជាជាតិបានប្រកាសក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា បណ្តាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រើប្រាស់យ៉ាងទូលំទូលាយនូវកម្មវិធីផ្ញើសារ Telegram ជាផ្លូវអនុញ្ញាតឱ្យមានសកម្មភាពឧក្រិដ្ឋកម្ម ត្រូវបានរៀបចំឡើងដើម្បីធ្វើសកម្មភាពខុសច្បាប់ទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters និងសារព័ត៌មានដ៏ល្បីរបស់សិង្ហបុរី CNA ។

របាយការណ៍នេះ ត្រូវបានគេចាត់ទុកថាតំណាងឱ្យការចោទប្រកាន់ចុងក្រោយបំផុតប្រឆាំងនឹងកម្មវិធី Telegram ចាប់តាំងពីអាជ្ញាធរក្នុងប្រទេសបារាំងចាប់ខ្លួនលោក Pavel Durov ដែលជានាយកប្រតិបត្តិ Telegram។ របាយការណ៍ពីការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានបង្ហាញថា ទិន្នន័យដែលត្រូវបានគេលួចចូល រួមទាំងព័ត៌មានលម្អិតកាតឥណទាន ពាក្យសម្ងាត់ និងប្រវត្តិកម្មវិធីរុករក ត្រូវបានជួញដូរដោយបើកចំហរលើទំហំដ៏ធំនៅលើកម្មវិធីផ្ញើសារនេះ ដែលមានបណ្តាញធំទូលាយជាមួយនឹងការសម្របសម្រួលតិចតួចបំផុត។

របាយការណ៍របស់ UNODC ដដែលបានបន្ថែមថា ឧបករណ៍ដែលប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងកម្មវិធីដែលហៅថា «deepfake» ដែលត្រូវបានរចនាឡើងសម្រាប់ការក្លែងបន្លំ ហើយមេរោគលួចចូលទិន្នន័យក៏ត្រូវបានលក់យ៉ាងទូលំទូលាយ ខណៈការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដែលគ្មានអាជ្ញាប័ណ្ណ សម្រាប់ផ្តល់សេវាកម្មលាងលុយក៏ត្រូវបានរកឃើញផងដែរ។

របាយការណ៍នេះបានដកស្រង់ចេញពីការផ្សាយពាណិជ្ជកម្មមួយដែលនិយាយជាភាសាចិនថា «យើងផ្លាស់ប្តូរ USDT ចំនួន៣លាន ដែលលួចពីបរទេសក្នុងមួយថ្ងៃ»។ ទន្ទឹមគ្នានេះគេបានរកឃើញថា មានភស្តុតាងដ៏រឹងមាំជាច្រើននៃទីផ្សាងងឹតលក់ទិន្នន័យ ដែលផ្លាស់ទៅប្រើកម្មវិធី Telegram ហើយអ្នកលក់កំពុងស្វែងរកយ៉ាងសកម្ម ដើម្បីកំណត់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំការឆ្លងប្រទេស ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើ Telegram ដែលមានអ្នកប្រើប្រាស់ជិត ១ពាន់លាននាក់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអាត្ថាធិប្បាយនោះទេ។

គួរជម្រាបថា បទចោទប្រកាន់ជាច្រើនប្រឆាំងកម្មវិធី Telegram ត្រូវបានលេចឡើងបន្តកន្ទុយគ្នា បន្ទាប់ពីលោក Pavel Durov នាយកប្រតិបត្តិកម្មវិធី Telegram ដែលមានដើមកំណើតរុស្ស៊ីត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងខែសីហា ហើយត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឱ្យមានសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកាផ្ញើសារមួយនេះ រួមទាំងការផ្សព្វផ្សាយរូបភាពផ្លូវភេទរបស់កុមារជាដើម។ បច្ចុប្បន្ន លោក Pavel Durov កំពុងស្ថិតក្នុងក្រៅឃុំ តែមិនអនុញ្ញាតឱ្យចេញពីប្រទេសបារាំងឡើយ៕