(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី៨ ខែតុលា ក្រសួងការបរទេសទីក្រុងប៉េកាំង បានប្រកាសថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ហើយបន្ទាប់មក ក៏នឹងទៅកាន់វៀតណាមផងដែរ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសចិន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា លោក Li នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសោរ៍សប្តាហ៍នេះ។ ក្រុមមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន នឹងត្រូវជួបប្រជុំគ្នានាថ្ងៃពុធ ខណៈវិបត្តិជម្លោះរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា នឹងស្ថិតក្នុងចំណោមរបៀបវារៈចម្បង នៃកិច្ចប្រជុំ។

គួរបញ្ជាក់ថា អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានខាងលើ លោក Li នឹងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលរួមមានចិន កូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងកិច្ចប្រជុំកំពូលអាស៉ីខាងកើត។ បន្ទាប់មកទៀត លោកនាយករដ្ឋមន្រ្តីចិន នឹងបន្តដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ៕