(តេហេរ៉ង់)៖ ប្រមុខការទូតអ៉ីរ៉ង់ នាថ្ងៃអង្គារ ទី៨ ខែតុលា បានព្រមានអ៉ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយឱ្យសោះលើខ្លួន ព្រោះថា ប្រសិនបើហ៊ានតែមាន ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ នោះទីក្រុងតេហេរ៉ង់មុខជានឹងធ្វើការសងសឹកយ៉ាងរឹងមាំ តបតទៅវិញមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយដូច្នេះថា «យើងសូមណែនាំឱ្យអ៉ីស្រាអែល កុំមកចង់សាកល្បង​ការសម្រេច​ចិត្តដ៏រឹងមាំរបស់អ៉ីរ៉ង់ឱ្យសោះ។ ប្រសិនបើ មានការវាយប្រហារណាមួយ ប្រឆាំងនឹងប្រទេសយើង កើតមានឡើងនោះ ពួកយើងនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត»។ លោក Araghchi បានបន្ថែមទៀតថា «ការវាយប្រហារណាមួយ មកលើ​ហេដ្ឋារចនាសម្ព័ន្ធរបស់អ៉ីរ៉ង់ នឹងត្រូវទទួលរងទៅវិញ នូវការសងសឹកកាន់តែធ្ងន់ជាងមុន។ សត្រូវយើងដឹងច្បាស់ណាស់ថា គោលដៅប្រភេទអ្វី នៅអ៉ីស្រាអែល ដែលយើងអាចសងសឹក ទៅដល់វិញបាន»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ចំពោះមុខការកើនឡើងនៃការវាយប្រហាររបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡានៅប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន អ៉ីរ៉ង់បានបាញ់ស្រោច មីស៉ីលរាប់រយគ្រាប់លើអ៉ីស្រាអែល ខណៈអ៉ីស្រាអែល បានប្តេជ្ញាសងសឹកវិញ។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា បើតាមការយល់ឃើញ របស់លោក អ៉ីស្រាអែលមិនទាន់សម្រេចចិត្តច្បាស់នៅឡើយទេ អំពីរបៀបឆ្លើយតបចំពោះការវាយប្រហារមីស៉ីល របស់អ៉ីរ៉ង់៕