(ខាទុំ)៖ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក ដែលកំពុងជួយដល់ដំណើរការផ្គត់ផ្គង់នានា នៅប្រទេសស៊ូដង់ អំឡុងពេលនៃសង្រ្គាម ១៧ខែមកនេះ បាននិយាយថា មានសកម្មភាពប្រឆាំងនឹងពួកគេ ហើយកំពុងជួបលំបាកក្នុងការផ្តល់ជំនួយសង្គ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤។

Reuters បានជជែកជាមួយក្រុមអ្នកស្ម័គ្រចិត្ត ២៤ម៉ោងប្រចាំទីក្រុងខាទុំ (Khartoum) ភាគកណ្តាលប្រទេសស៊ូដង់ និងនៅតំបន់ផ្សេងទៀត ដូចភាគខាងលិចទីក្រុង Darfur ក៏ដូចជាផ្នែកខ្លះនៃភាគខាងកើត ជាទីដែលមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ចាប់តាំងពីសង្រ្គាមរវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ផ្ទុះឡើង។

អ្នក​ស្ម័គ្រ​ចិត្ត ១០នាក់​ បាន​ប្រាប់ Reuters តាម​ទូរស័ព្ទថា ទីភ្នាក់ងារមនុស្សធម៌អន្តរជាតិរបស់ពួកគេ ដែលមិនអាចនាំ ជំនួយស្បៀងអាហារចូលមក ចែកចាយដល់ប្រជាជនស៊ូដង់ផង ​ហើយផ្គត់ផ្គង់ដល់ក្រុមទាំងអស់នោះផង ត្រូវក្លាយជា​គោលដៅ​លួចរបស់ក្រុមចោរមកពី RSF។ ក្រៅពីនេះ ភាគីជម្លោះទាំងសងខាង ក៏បានវាយប្រហារ ឬឃុំខ្លួនអ្នកស្ម័គ្រចិត្ត ដោយចោទពួកគេថាបានសហការគ្នា ជាមួយគូប្រជែងរៀងៗខ្លួន។

អ្នកស្ម័គ្រចិត្តម្នាក់ នៅទីក្រុង Bahri បាននិយាយថា ទាហានក្នុងឯកសណ្ឋាន RSF បានលួចទូរស័ព្ទដែលគេបរិច្ចាគឱ្យគាត់ និងលុយចំនួន ៣លានផោនស៊ូដង់ ស្មើនឹង ១,២០០ដុល្លារ ដែលទុកសម្រាប់ទិញស្បៀងអាហារ នៅខែមិថុនា។ វាជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុ ៥ នៅក្នុងឆ្នាំ ២០២៤ ដែលអ្នកស្ម័គ្រចិត្តរូបនេះនិយាយថា គាត់ត្រូវបានយាយីដោយ ទាហានប៉ារ៉ាគ្រប់គ្រងសង្កាត់ ដែលគាត់ទទួលខុសត្រូវ ទីតាំងផ្តល់អាហារចំនួន ២១ សម្រាប់បម្រើដល់មនុស្សប្រហែល ១០,០០០នាក់។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈកងកម្លាំង RSF និងកងទ័ពស៊ូដង់ មិនបានឆ្លើយតបចំពោះសំណើសុំការបកស្រាយ៕