(ហាណូយ)៖ វៀតណាមនិងបារាំង បានដំឡើងទំនាក់ទំនងទ្វេភាគីជាផ្លូវការ ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់​ទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤។

ការដំឡើងកម្រិតទំនាក់ទំនងនេះ គូសរំលេចឱ្យឃើញការលេចឡើងកាន់តែខ្លាំង នៃតួនាទីយុទ្ធសាស្រ្តរបស់វៀតណាម ក្នុងនាមជាតភ្ជាប់ដ៏សំខាន់មួយ ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជាជោគជ័យថ្មីចុងក្រោយមួយទៀត សម្រាប់គោលនយោបាយការបរទេសមានភាពបត់បែន របស់ប្រទេសអាស៊ានមួយនេះ ហៅថា «ការទូតឫស្សី»។ អំឡុងជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Lam និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជជែកគ្នាអំពីការបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ហើយ​ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថ្មីៗផងដែរ រួមមានទាំង AI ជាដើម។

គួរបញ្ជាក់ថា ក្រោយសម្រេចបានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែលជាដៃគូកំពូលរបស់​វៀតណាម ចំនួន៧ផ្សេងទៀត ឥឡូវរួមមានដូចជា ចិន សហរដ្ឋអាមេរិក ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន រុស្ស៉ី និងអូស្រ្តាលី៕