(វ៉ាស៉ីនតោន)៖ ព្យុះហឺរីខេន Milton បានវិវត្តិទៅជាព្យុះប្រភេទទី ៥ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបង្កការគំរាមកំហែងរាប់ចាប់តាំង ពីតំបន់ Yucatan នៃប្រទេសម៉ិកស៉ិក ខណៈកំពុងរំកិលឆ្ពោះមកកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ជាទីដែលមានការជម្លៀសមនុស្សជាច្រើននាក់ និងកំពុងស្តារឡើងវិញពីការបំផ្លិចបំផ្លាញនៃព្យុះ Helene។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤។

ជាមួយនិងល្បឿនខ្យល់ជាមធ្យម ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Milton ត្រូវបានចាត់ថ្នាក់ជាព្យុះកម្រិតខ្លាំងបំផុតប្រភេទទី ៥។ មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខេន បានឱ្យដឹងថា Milton ទំនងជានឹងចុះខ្សោយ នៅពេលបោកបក់មកដល់ រដ្ឋ Florida នៅថ្ងៃពុធនេះ ក៏ដូចជានៅបណ្តាស្រុកតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចនៃរដ្ឋ។ បទបញ្ជាឱ្យជម្លៀសខ្លួនត្រូវបានដាក់ចេញ និងមានការត្រៀមលក្ខណៈ ដើម្បីទប់ទល់គ្រោះមហន្តរាយ បណ្តាលមកពីខ្យល់ព្យុះ ភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

តាមការព្យាករណ៍ ព្យុះនេះទំនងជា វាយប្រហារនៅជិតតំបន់ទីប្រជុំជន Tampa Bay ដែលមានប្រជាជនជាង ៣លាននាក់។ បន្ទាប់​ពីបោកបក់ជុំវិញតំបន់ Petersburg នៅថ្ងៃពុធ Milton នឹងបោកបក់ឆ្លងកាត់រដ្ឋ Florida ហើយនៅតែមានឥទ្ធិពលជាព្យុះហឺរីខេន នៅឆ្នេរសមុទ្រ Atlantic។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសអាសន្នសម្រាប់រដ្ឋ Florida ផងដែរ ដោយអនុញ្ញាតឱ្យក្រុមសង្គ្រោះគ្រោះមហន្តរាយសហព័ន្ធ ចាប់ផ្តើមធ្វើប្រតិបត្តិការ៕