(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃចន្ទ ទី៧ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បានចូលរួមក្នុងពិធីមួយរបស់ជនជាតិជី្វហ្វ ដើម្បីរំលឹកខួបមួយឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ជាមួយការអំពាវនាវឱ្យមានសន្តិភាព ក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងពិធីមួយ នៅឯសេតវិមាន លោកប្រធានាធិបតីវ័យ៨១ឆ្នាំ និងភរិយាគឺលោកស្រី Jill Biden បានឈរធ្វើការអធិដ្ឋានមួយសន្ទុះ មុននឹងលោក បៃដិន ដុតបំភ្លឺ ទៀនមួយដើម ជាកិច្ចគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហាររបស់ហាម៉ាសថាជាទង្វើដ៏ឃោរឃៅ ហើយថារូបលោក និងលោកស្រី ហារីស មានការប្ដេជ្ញាចិត្ត ពេញទំហឹងចំពោះការការពារសន្តិសុខរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ដូចជាហាម៉ាសនៅហ្កាហ្សា ហេសបូឡា នៅលីបង់ និងហ៊ូទីនៅយេម៉ែន។ ប៉ុន្តែ លោក បៃដិន ក៏បានចាត់ទុកផងដែរថាការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំមុន គឺជាថ្ងៃដ៏ខ្មៅងងឹត សម្រាប់ប្រជាជនប៉ាឡេស្ទីន និងបញ្ជាក់ថារូបលោក និងលោកស្រី ហារីស នឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សានោះទេ។
ចំណែក លោកស្រី ហារីសវិញ បាននិយាយថាលោកស្រីរន្ធត់ចិត្តជាខ្លាំង ចំពោះការបាត់បង់ និងការឈឺចាប់របស់ប្រជាជនអ៉ីស្រាអែល តែលោកស្រីក៏គ្រាំគ្រាចិត្ត ផងដែរចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីន និងការបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សា៕