(វ៉ាស៊ីនតោន)៖ នៅពេលត្រូវបានសាកសួរថាតើលោកនឹងគាំទ្រឱ្យអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែរឬក៏យ៉ាងណា? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍មុនបានឆ្លើយថា «លោកមិនគាំទ្រនោះទេ»។ តែទោះជាបែបនេះក្ដី ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុល មួយចំនួននៅក្នុងប្រទេសអ៉ីស្រាអែល បាន និងកំពុងជជែកដេញដោលថាតើកងទ័ពអាកាសអ៉ីស្រាអែលគួរតែបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ដែរ ឬទេ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគជិត ២០០គ្រាប់លើអ៉ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍មុន។
ក៏ប៉ុន្តែ ប្រសិនបើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ តើអ៉ីស្រាអែលតែម្នាក់ឯងមានសមត្ថភាពកម្ទេចទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានឬទេ ខណៈក្រុមអ្នកវិភាគយល់ថាបើ មិនមានអាមេរិកជួយ ការវាយប្រហាររបៀបនេះរបស់អ៉ីស្រាអែលនឹងជួបហានិភ័យខ្ពស់ ដោយគ្រាន់តែអាចពន្យារពេលប៉ុណ្ណោះ ជាជាងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់?
* ហេតុអ្វីការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ជារឿងលំបាក?
ហេតុផលដំបូងគេ នោះគឺរយៈចម្ងាយ។ អ៉ីស្រាអែលស្ថិតនៅចម្ងាយលើស ១០០០គីឡូម៉ែត្រពីទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ ហើយដើម្បីអាចបាញ់មីស៊ីល ឬអាចហោះ ទៅដល់ យន្ដហោះចម្បាំងអ៉ីស្រាអែលត្រូវឆ្លងកាត់ដែនអាកាសរបស់ប្រទេសមួយចំនួនដូចជាអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អ៉ីរ៉ាក់ ស៊ីរី និងតួកគី។ ហេតុផលទី២៖ គឺប្រេងឥន្ធនៈ សម្រាប់យន្ដហោះចម្បាំង។ ដើម្បីហោះទៅដល់គោលដៅ និងត្រឡប់មកវិញ យន្ដហោះចម្បាំងអ៉ីស្រាអែលត្រូវការជាចាំបាច់ការចាក់សាំងលើអាកាសដោយមិនអាចឱ្យមាន កំហុសឡើយសូម្បីតូចតាចក៏ដោយ។ នេះបើតាមសេវាស្រាវជ្រាវរបស់សភាអាមេរិក (US Congressional Research Service)។
ចំណែក ហេតុផលទី៣វិញ៖ អ៉ីរ៉ង់ក៏មានប្រព័ន្ធការពារដែនអាកាសដែរ។ ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ត្រូវបានការពារយ៉ាងមំាទាំ ដែលនេះមានន័យថា យន្ដហោះទម្លាក់គ្រាប់បែកអ៉ីស្រាអែលចាំបាច់មានការការពារពីយន្ដហោះចម្បាំងជាច្រើនគ្រឿង។ សេវាស្រាវជ្រាវរបស់សភាអាមេរិក បានវាយតម្លៃថាដើម្បីកម្ទេចទីតាំង នុយក្លេអ៊ែរអ៉ីរ៉ង់ អ៉ីស្រាអែលត្រូវប្រើយន្ដហោះចម្បាំងយ៉ាងហោច១០០គ្រឿង ដែលចំនួននេះស្មើនឹងជិត១ភាគ៣នៃយន្ដហោះចម្បាំង ៣៤០គ្រឿង របស់កងទ័ពអាកាសអ៉ីស្រាអែល។
* តើអ៉ីរ៉ង់ការពារទីតាំងនុយក្លេអ៊ែរមាំទាំកម្រិតណា?
ចង់កម្ទេចរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសំខាន់ទាំង២របស់អ៉ីរ៉ង់ ជារឿងដ៏លំបាកមួយសម្រាប់អ៉ីស្រាអែល។ ជាឧទាហរណ៍៖ រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz របស់អ៉ីរ៉ង់ស្ថិតនៅក្រោមដី ខណៈរោងចក្រនុយក្លេអ៊ែរធំលំដាប់ទី២ Fordow ស្ថិតនៅជ្រៅក្នុងភ្នំមួយកន្លែង។ ម្លោះហើយ ដើម្បីកម្ទេចរោងចក្រទាំង២នេះ អ៉ីស្រាអែលត្រូវមានអាវុធ ឬគ្រាប់បែកដែលអាចទម្លុះថ្ម ឬបេតុងចូលជ្រៅបានជម្រៅរាប់សិបម៉ែត្រ មុននឹងផ្ទុះ។ កាលពីចុងខែកញ្ញាកន្លងទៅ អ៉ីស្រាអែលត្រូវបានរាយការណ៍ថាបានទម្លាក់គ្រាប់បែកប្រឆាំង លេណដ្ឋានប្រភេទ GBU-31 ទម្ងន់២០០០ផោន ឬស្មើ៩០០គីឡូក្រាម លើអគារចំនួន៤ ក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់ដោយបានសម្លាប់មេដឹកនាំហេសបូឡា លោក Hassan Nasrallah។ ប៉ុន្តែព្រមពេលជាមួយគ្នា សារព័ត៌មានអ៉ីស្រាអែលខ្លះបានផ្សាយថាអ៉ីស្រាអែលបានប្រើប្រាស់គ្រាប់បែកប្រភេទនេះដល់ទៅជា ៨០គ្រាប់ឯណោះ ហើយក៏មិនប្រាកដ នោះដែរថាការប្រើប្រាស់គ្រាប់បែកក្នុងបរិមាណនេះអាចកម្ទេចរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់បាន?
ក្រុមអ្នកវិភាគបាននិយាយថាមានតែអាវុធធម្មតាមិនមែននុយក្លេអ៊ែរមួយប្រភេទគត់ដែលអាចកម្ទេចរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់បាន នោះគឺគ្រាប់បែក GBU-57 A/B Massive Ordnance Penetrator (MOP)។ បើតាមយោធាអាមេរិក គ្រាប់បែកយក្សនេះមានបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ និងមានប្រវែងបណ្ដោយ៦ម៉ែត្រ និងទម្ងន់ ៣០ ០០០ផោន ឬ១៣០៦៧គីឡូក្រាម។ គ្រាប់បែកនេះអាចទម្លុះចូលទៅក្នុងដីបានជម្រៅ ៦០ម៉ែត្រ មុននឹងផ្ទុះ។
* តើអ៉ីស្រាអែល ផលិតបានគ្រាប់បែកប្រឆាំងលេណដ្ឋានដោយខ្លួនឯងឬ?
គេមិនទាន់ច្បាស់នោះទេថាអ៉ីស្រាអែលមានសមត្ថភាពផលិតគ្រាប់បែកប្រភេទនេះ តែអតីតមន្ត្រីអាមេរិកមួយចំនួនតែងតែផ្ដល់យោបល់ជាញឹកញាប់ឱ្យសហរដ្ឋអាមេរិក ផ្ដល់គ្រាប់បែកប្រឆាំងលេណដ្ឋានទៅឱ្យអ៉ីស្រាអែល។ លោក Ehud Eilam ជាអតីតអ្នកស្រាវជ្រាវម្នាក់មកពីក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថាទោះជាទទួលបាន គ្រាប់បែក MOP ក៏ដោយ ក៏យន្ដហោះចម្បាំងរបស់អ៉ីស្រាអែលដូចជា F-15, F-16 និង F-35 មិនអាចបំពាក់ ឬផ្ទុកគ្រាប់បែកនេះបានដែរ។ លោកបន្ថែមថា ម្យ៉ាងវិញទៀត ក្នុងពេលរយៈពេលខ្លី អ៉ីស្រាអែលមិនអាចទិញបានឡើយនូវយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិក ដូចជា B-2 ដែលត្រូវការជាចាំបាច់ដើម្បីទម្លាក់គ្រាប់បែក ប្រភេទនេះ។ ជាលក្ខណៈទ្រឹស្ដី អ៉ីស្រាអែលអាចប្រើប្រាស់យន្ដហោះដឹកជញ្ជូនប្រភេទ C-130J Hercules របស់ខ្លួន ក្នុងការទម្លាក់គ្រាប់បែក MOP តែ MOP មិនត្រូវបានផលិត ឡើងសម្រាប់ការទម្លាក់ចេញពីយន្ដហោះដឹកជញ្ជូននោះទេ។
* តើអ៉ីស្រាអែលមានជម្រើសផ្សេងទេ?
យន្ដហោះចម្បាំងអ៉ីស្រាអែល អាចធ្វើឱ្យទីតាំង ឬរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់គាំងដំណើរការ តាមរយៈការទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។ ការធ្វើបែបនេះ អាចធ្វើឱ្យខូចដល់កម្រិតជាក់លាក់នៃម៉ាស៊ីន centrifuge ដែលត្រូវបានប្រើប្រាស់សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទោះជាមិនអាចបំផ្លាញបានទាំងស្រុងក៏ដោយ។ ជម្រើស ចុងក្រោយគេ គឺការវាយប្រហារព័ត៌មានវិទ្យា ឬ Cyberattack។ កាលពីឆ្នាំ២០២១ ការដាច់រចន្តអគ្គិសនីដែលទំនងជាបង្កឡើងដោយ Cyberattack បាវាយប្រហារលើ ប្រព័ន្ធអគ្គិសនីនៃរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ Natanz ដែលផ្គត់ផ្គង់ដល់ម៉ាស៊ីន centrifuge នៅក្រោមដី។ ក្នុងឆ្នាំ២០១០វិញ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ត្រូវបាន ចោទប្រកាន់ដែរថាបានវាយប្រហារលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ដោយប្រើវីរុសកុំព្យូទ័រ Stuxnet។ តែការវាយប្រហារនេះមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទំាងស្រុងនោះទេ។
គួរបញ្ជាក់ថា លោកស្រី Darya Dolzikova និងលោក Matthew Savill មកពីវិទ្យាស្ថាន Royal United Services Institute បាននិយាយថាវិសាលភាពនៃកម្លាំងដែលតម្រូវ ដើម្បីបំផ្លាញធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ គឺចាំបាច់ត្រូវមានការគាំទ្រមួយផ្នែកធំពីសហរដ្ឋអាមេរិក បើទោះជាអាមេរិកមិនចូលរួមដោយផ្ទាល់ក៏ដោយ។ តាមអ្នកជំនាញទាំង២ បើមិនមានការចូលរួមដោយផ្ទាល់ពីសហរដ្ឋអាមេរិកទេ វាក៏មិនប្រាកដនោះដែរថាអ៉ីស្រាអែលអាចកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុង៕