(កៀវ)៖ អ៊ុយក្រែនបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយរុស្ស៊ីទេ បន្ទាប់ពីវាផុតកំណត់នៅចុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

ការប្រកាសអំពីការសម្រេចចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាង នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal និងសមភាគីស្លូវ៉ាគី គឺលោក Robert Fico នៅទីក្រុង Uzhhorod ប្រទេសអ៊ុយក្រែននាថ្ងៃចន្ទសប្តាហ៍នេះ។

លោក Shmyhal បានប្រាប់សន្និសីទសារព័ត៌មានថា «អ៊ុយក្រែននឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយរុស្ស៊ីទេ»។ លោកបានបន្ថែមថា គោលដៅរបស់អ៊ុយក្រែន គឺដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ពីការលក់ឧស្ម័ន ដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម។

ទោះបីជាយ៉ាងណាក៏ដោយ លោក Shmyhal បាននិយាយថា «អ៊ុយក្រែនយល់ពីការពឹងផ្អែករបស់ប្រទេសមួយចំនួន លើឧស្ម័នរុស្ស៊ី ប៉ុន្តែកំពុងលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មប្រភពថាមពល»

គួរបញ្ជាក់ថា ស្លូវ៉ាគី ដែលជាសមាជិកនៃអង្គការណាតូ និងសហភាពអឺរ៉ុប និងមានព្រំដែនជាប់អ៊ុយក្រែន ប្រឆាំងនឹងការចូលជាសមាជិករបស់អ៊ុយក្រែន ក្នុងអង្គការណាតូ។ ទោះជាយ៉ាងណា ស្លូវ៉ាគី ចង់រក្សារការដឹកជញ្ជូនប្រេង និងឧស្ម័នពីរុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន ទៅកាន់បណ្តាប្រទេសលោកខាងលិច៕