(ស៉ីដនី)៖ នៅថ្ងៃចន្ទ ទី៧ ខែតុលានេះ ប្រជាជនអូស្រ្តាលី បានប្រមូលផ្តុំគ្នាដើម្បីរំលឹកខួប ១ឆ្នាំនៃការវាយប្រហារថ្ងៃទី៧ តុលា ឆ្នាំមុន របស់ក្រុមហាម៉ាសមកលើអ៉ីស្រាអែល ដែលបង្កជាសង្រ្គាមនៅតំបន់ហ្កាហ្សាសព្វថ្ងៃ ប៉ុន្តែក្រោយមកបំបែកជួរវិញ បន្ទាប់អាជ្ញាធរព្រមានពីវិធានការសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯតំបន់ Bondi របស់ទីក្រុងស៉ីដនី ក្រុមអ្នកចូលរួម ដែលមានកាន់ទង់ជាតិអ៉ីស្រាអែល និងអូស្រ្តាលីបាននាំគ្នាសង្រួមចិត្តស្តាប់ ការរំលឹកដល់ឈ្មោះចំណាប់ខ្មាំងទាំង ១០១នាក់ ដែលនៅមិនទាន់រំដោះបានពីដៃក្រុមហាម៉ាស។ លោក Alex Ryvchin ប្រធានក្រុមប្រឹក្សាសមាគមជនជាតិជ្វីហ្វនៅអូស្រ្តាលី គូសបញ្ជាក់ថា «តាមទំនៀមទំលាប់របស់ជនជាតិជ្វីហ្វ មួយឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ដ៏ប៉ះទង្គិចផ្លូវចិត្ត និងការបាត់បង់ យើងត្រូវបានគេបង្ខំឱ្យបញ្ឈប់ការកាន់ទុក្ខ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលមិនត្រូវកាន់ទុក្ខ នៅពេលដែលជនជាតិអ៉ីស្រាអែល ១០១នាក់ នៅតែស្ថិតក្នុងកន្លែងដែលប្រៀបបីដូចជានរកនោះ»។
ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តី លោក Anthony Albanese បានថ្កោលទោសការវាយប្រហារ របស់ក្រុមហាម៉ាស ប៉ុន្តែនិយាយថា ខណៈដែលយើងកំពុងកាន់ទុក្ខ យើងក៏ត្រូវនឹកឃើញផងដែរ នូវគោលការណ៍ជាមូលដ្ឋាន របស់មនុស្សជាតិ នោះគឺថា អាយុជីវិតមនុស្សគ្រប់រូប មានតម្លៃណាស់៕