(បាងកក)៖ នៅថ្ងៃចន្ទ ទី៧ ខែតុលានេះ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត់ បាននិយាយថា អាស៊ានចាំបាច់ត្រូវតែដើរតួនាទីគន្លឹះ ក្នុងការបិទបញ្ចប់សង្រ្គាមស៉ីវិលអូសបន្លាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤។
អ្នកស្រី ផែថងថាន បាននិយាយនៅទីក្រុងបាងកក យ៉ាងដូច្នេះថា «អាស៊ានចាំបាច់ត្រូវតែដើរតួនាទីសំខាន់ ក្នុងការនាំយកសុខសន្តិភាព ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ឱ្យបានឆាប់រហ័សតាមតែអាចទៅរួច»។ អ្នកស្រីនាយករដ្ឋមន្រ្តីថៃ បានបន្ថែមថា ថៃនឹងធ្វើការជាមួយម៉ាឡេស៉ី ដែលនឹងជាប្រធានប្តូរវេនរបស់អាស៊ាននាឆ្នាំក្រោយ ដើម្បីប្រើមធ្យោបាយការទូត ដោះស្រាយជម្លោះមីយ៉ាន់ម៉ា។ បើតាមអ្នកស្រី ផែថងថាន ប្រទេសថៃក៏ស្ម័គ្រចិត្តផងដែរ ក្នុងការដើរតួនាទីជា អ្នកសម្រុះសម្រួល ដើម្បីជំរុញឱ្យមានកិច្ចចរចា។
ផែនការសន្តិភាព ដែលត្រូវបានព្រមពៀងគ្នា រវាងសមាជិកអាស៊ានទាំង១០ តាំងតែពីខែមេសា ឆ្នាំ២០២១ គឺមកទល់ពេលនេះ ទទួលបានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ទោះបីមាន ការអំពាវនាវស្វែងរកកិច្ចសន្ទនា ជាច្រើនលើកច្រើនសាក៏ដោយ។ វិបត្តិមីយ៉ាន់ម៉ា នឹងស្ថិតក្នុងរបៀបវារៈចម្បង នៃកិច្ចប្រជុំកំពូលអាស៊ាន នៅឯប្រទេសឡាវ ក្នុងសប្តាហ៍នេះ។ អាស៊ានបានបន្តហាមឃាត់មិនឱ្យថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់របស់ខ្លួន ដោយសារមិនព្រមអនុវត្តតាម ផែនការសន្តិភាព ដែលបានព្រមព្រៀងគ្នាពីដំបូង។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ឥណ្ឌូណេស៉ី ក៏បានរៀបចំកិច្ចប្រជុំអន្តរជាតិមួយ ដែលមានការចូលរួមពី អង្គការសហប្រជាជាតិ និងក្រុមប្រឆាំងរបបសឹកមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីជម្លោះដ៏រាំរ៉ៃ នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ផងដែរ។ មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៉ីវិល ហើយបង្កឱ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំ ដែលឥឡូវប្រែក្លាយជា ចលនាបះបោរប្រដាប់ដោយអាវុធ ប្រឆាំងនឹងរបបសឹក៕