(ញូវដេលី)៖ ប្រធានាធិបតីនៃប្រទេសប្រជុំកោះម៉ាល់ឌីវ លោក Mohamed Muizzu ត្រូវបានទទួលស្វាគមន៍ ដោយកម្រាលព្រំក្រហម ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសឥណ្ឌា នាថ្ងៃចន្ទ ទី៧ ខែតុលានេះ ដោយមានបំណង ជួសជុលទំនាក់ទំនង ដែលធ្លាក់ចុះកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Muizzu អាយុ ៤៦ឆ្នាំ ដែលឡើងកាន់តំណែងកាលពីឆ្នាំមុន ត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតី លោកស្រី Droupadi Murmu នៅឯវិមានប្រធានាធិបតី។ លោក Muizzu ត្រូវបានគេស្គាល់ថាជា បុគ្គលដែលមានទំនោរគាំទ្រចិន។ ជាធម្មតាប្រទេសអាស៉ីភាគច្រើន ត្រូវបានអញ្ជើញមកទស្សនកិច្ច ទីក្រុងញូវដេលី ក្រោយចូលកាន់តំណែងភ្លាមៗ ប៉ុន្តែសម្រាប់ម៉ាល់ឌីវ ក្នុងអាណត្តិនេះ ចំណាយពេលជិត ១ឆ្នាំទម្រាំមានទស្សនកិច្ចរបស់ លោក Muizzu។
ក្នុងបទសម្ភាសមួយចេញផ្សាយដោយកាសែត Times of India លោក Muizzu គូសបញ្ជាក់ថា «អ្វីដែលខ្ញុំធ្វើនៅពេលនេះ គឺជាអ្វីដែលប្រជាជនចង់បាន។ ខណៈយើងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងទៀតលើវិស័យនានា យើងនៅតែប្តេជ្ញាចិត្តធានាថា សកម្មភាពរបស់យើងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃតំបន់របស់យើងឡើយ»។
ចិន និងឥណ្ឌា គឺជាប្រទេសផ្តល់ប្រាក់កម្ចីទ្វេភាគី ក្នុងធំជាងគេសម្រាប់ម៉ាល់ឌីវ ហើយប្រទេសប្រជុំកោះ ដែលមានបំណុលច្រើន រួចទៅហើយមួយនេះ កាលពីខែមុនបានលើកឡើងថា ខ្លួនមិនមានគម្រោងបន្តស្វែងរកជំនួយ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទៀតនោះទេ។ តាមលោក Muizzu ការរៀបចំឥណទានពីប្រទេសឥណ្ឌា ស្ថិតក្នុងជំហានវិជ្ជមាន។
គួរបញ្ជាក់ថា ទិន្នន័យផ្លូវការ បង្ហាញថា បំណុលបរទេសរបស់ម៉ាល់ឌីវ មានចំនួន ៣.៣៧ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដែលស្មើនឹងប្រហែល ៤៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)៕