(ម៉ានីល)៖ នៅថ្ងៃចន្ទ ទី៧ ខែតុលានេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង បានដំឡើងចំណងទាក់ទងទ្វេភាគីដល់ កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត ស្របពេលដែលលោក បានទទួលជួបជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដើម្បីពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មេដឹកនាំទាំងពីរ បានជជែកអំពីបញ្ហាជាច្រើន រួមមានទាំងសមុទ្រចិនខាងត្បូង និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ លោក Yoon បាននិយាយថា ប្រទេសទាំងពីរ នឹងពង្រឹងភាពជាដៃគូ ជុំវិញវិស័យសន្តិសុខ ហើយកូរ៉េខាងត្បូង នឹងចូលរួមចំណែក ក្នុងកម្មវិធីធ្វើទំនើបកម្មយោធាហ្វីលីពីន។

បើតាមលោក Yoon ប្រធានាធិបតីទាំង២ ក៏បានឯកភាពគ្នាផងដែរ ក្នុងការចូលរួមរក្សាការពារសណ្តាប់ធ្នាប់ ដែលឈរលើច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំង ស្តិពីសុវត្ថិភាព នៃការធ្វើដំណើរនៅសមុទ្រចិនខាងត្បូង ហើយអ្នកទាំងពីរបានយល់ដូចគ្នាថា សហគមន៍អន្តរជាតិ នឹងមិនគ្មានថ្ងៃគាំទ្រ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬអ្វីដែលលោក Yoon ហៅថា «ការបង្កហេតុយ៉ាងធ្វេសប្រហែស» ជាដាច់ខាត។

គួរបញ្ជាក់ថា នៅទី៨-៩ ខែតុលា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្តទៅបំពេញទស្សនកិច្ច នៅប្រទេសសិង្ហបុរី នៅថ្ងៃបន្ទាប់នោះ លោកនឹងឆ្ពោះទៅប្រទេសឡាវ ជាទីដែលរូបលោក នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងមានវត្តមានមេដឹកនាំ មកពីប្រទេសអាស៉ីមួយចំនួនផ្សេងទៀត ផងដែរ៕