(ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា អភិបាលរដ្ឋធានីនៃរដ្ឋ Guerrero ដែលពោរពេញដោយអំពើហិង្សានៅម៉ិកស៉ិក ត្រូវបានគេធ្វើឃាត មិនដល់រយៈពេល១សប្តាហ៍ ក្រោយលោកចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋ Guerrero បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alejandro Arcos ត្រូវបានគេសម្លាប់ ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែង ជាអភិបាលក្រុង Chilpancingo ដែលជារដ្ឋធានីរបស់រដ្ឋ Guerrero និងមានប្រជាជន​ប្រហែល២៨០,០០០នាក់ នៅភាគនិរតីប្រទេសម៉ិកស៉ិក។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុង​បើកការស៉ើបអង្កេត ជុំវិញករណីឃាតកម្ម លើលោក Arcos។

គួរបញ្ជាក់ថា រដ្ឋរបស់ម៉ិកស៉ិកមួយនេះ បានក្លាយជារដ្ឋដ៏គ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកនយោបាយ និងអ្នកសារព័ត៌មាន។ មានបេក្ខជននយោបាយ សរុបយ៉ាងហោចណាស់ ៦នាក់ ត្រូវគេធ្វើឃាត នៅក្នុងរដ្ឋ Guerrero មុនការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា៕