(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា បានសន្យាជាថ្មីថានឹងសម្រេចឱ្យបាននូវជ័យជម្នះ ខណៈអ៉ីស្រាអែលបានបើក សមរភូមិថ្មីមួយទៀតជាមួយក្រុមហេសបូឡា ក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការសម្គាល់ខាងលើរបស់លោក Netanyahu ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនខួបមួយឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល ភ្ជាប់ជាមួយការបញ្ជាក់ប្រាប់កងទ័ពអ៉ីស្រាអែលថាអ៉ីស្រាអែលនឹងទទួលបានជ័យជម្នះ ក្នុងពេលដែលរដ្ឋជ្វីហ្វមួយនេះកំពុងធ្វើសង្រ្គាមជាមួយហាម៉ាសក្នុងតំបន់ហ្កាហ្សាផង ជាមួយហេសបូឡា នៅលីបង់ផង ហើយក៏កំពុងត្រៀមលក្ខខណៈសងសឹកអ៉ីរ៉ង់វិញផងដែរ។

លោក Netanyahu ធ្លាប់បានសន្យាថានឹងកម្ទេចក្រុមហាម៉ាស កាលពីចុងខែតុលា ឆ្នាំមុន។ ប៉ុន្តែមកទល់ឥលូវ ហាម៉ាសនៅមិនទាន់ត្រូវបានកម្ទេចនៅឡើយទេ រីងកងទ័ពអ៉ីស្រាអែលត្រូវត្រឡប់ ទៅប្រយុទ្ធជាថ្មីនៅតាមទីតាំងជាច្រើនក្នុងតំបន់ហ្កាហ្សា ជាទីដែលក្រុមហាម៉ាសកំពុងព្យាយាមប្រមូលផ្ដុំកម្លាំងឡើងវិញ។ មិនតែប៉ុណ្ណោះ កាលពីចុងខែកញ្ញាកន្លងទៅ អ៉ីស្រាអែលបានបើក សមរភូមិថ្មីមួយ ទៀតជាមួយក្រុមហេសបូឡានៅលីបង់ ជាមួយការបើកប្រតិបត្តិការវាយលុកថ្មើរជើងទ្រង់ទ្រាយតូច ចូលភាគខាងត្បូងប្រទេសលីបង់ ចំពោះមុខការព្រួយបារម្ភថាអ៉ីស្រាអែលអាច នឹងបើកការវាយលុកថ្មើរជើងទ្រង់ទ្រាយធំតែម្ដង។

គួរបញ្ជាក់ថា បើតាមតួលេខរបស់ AFP ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន បានសម្លាប់មនុស្ស ១ ២០៥នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិល។ អ៉ីស្រាអែលបានសងសឹកដោយការទម្លាក់គ្រាប់បែក និងវាយលុកតាមជើងគោកចូលតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សយ៉ាងហោច ៤១ ៨៧០នាក់ ភាគច្រើនជាជនស៊ីវិល៕