(BUTLER)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃបក្សសាធាណរដ្ឋ លោក ដូណាល់ ត្រាំ បានវិលត្រឡប់ទៅកាន់ទីតាំងមួយ ក្នុងរដ្ឋ Pennsylvania ជាកន្លែងដែលរូបលោក វិះត្រូវគេធ្វើឃាតបានសម្រេច កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃទី១៣ ខែកក្កដា ពេលកំពុងឈរថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅលើឆាក ក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania លោក ត្រាំ ត្រូវបានគ្រាប់កាំភ្លើង ហោះឆាបស្លឹកត្រចៀកខាងស្តាំ ក្នុងហេតុការណ៍ប៉ុនប៉ងធ្វើឃាត។ អំឡុងការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក ត្រាំ បានសម្តែងការគោរពចំពោះ បុរសម្នាក់ដែលបានស្លាប់ ក្នុងហេតុការណ៍នោះ និង២នាក់ផ្សេងទៀត ដែលបានរងរបួស។ ដោយឡែក មហាសេដ្ឋីអាមេរិក លោក Elon Musk ក៏បានបង្ហាញខ្លួនជាលើកដំបូងផងដែរ ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត​របស់លោក ត្រាំ ចាប់តាំងពីរូបលោកបានបង្ហាញការគាំទ្រចំពោះលោក ត្រាំ ក្រោយការប៉ុនប៉ងធ្វើឃាតនោះ។

គួរបញ្ជាក់ថា ថ្ងៃទី១៣ ខែកក្កដា គឺជាលើកទី១ នៃករណីប៉ុនប៉ងធ្វើឃាតសរុប២លើក មកលើលោក ដូណាល់ ត្រាំ។ នៅថ្ងៃទី១៥ ខែកញ្ញា ខ្មាន់កាំភ្លើងម្នាក់ទៀត បានពួនសំងំរយៈពេល ជិត១២ម៉ោង នៅក្បែរទីលានវាយកូនហ្គោល របស់លោក ត្រាំ ស្ថិតក្នុងទីក្រុង West Palm Beach នៃរដ្ឋ Florida ដោយមានបំណងរង់ចាំធ្វើឃាត លោក ត្រាំ។ ប៉ុន្តែគម្រោងនោះ ត្រូវបានទប់ស្កាត់ដោយ ភ្នាក់ងារនៃកងការពារសម្ងាត់អាមេរិក ដែលល្បាតទីលានវាយកូនហ្គោល មុនលោក ត្រាំ បង្ហាញវត្តមាន។

គួរបញ្ជាក់ថា ករណីប៉ុនប៉ងធ្វើឃាតប៊ិះបានសម្រេច លើជីវិតលោក ដូណាល់ ត្រាំ នៅទីក្រុង Butler បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ចំពោះកងការពារសម្ងាត់អាមេរិក រហូតបង្ខំឱ្យនាយកទីភ្នាក់ងារនោះ សម្រេចចិត្តចុះចេញពីតំណែង។ នៅថ្ងៃទី៥ ខែវិច្ឆិកា លោក ត្រាំ និងត្រូវប្រកួតប្រជែង ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី៕