(ដាម៉ាស)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវជាថ្មីនូវបទឈប់បាញ់ សម្រាប់តំបន់ហ្កាហ្សា និងប្រទេសលីបង់ ដែលបានក្លាយជាកន្លែងធ្វើសង្រ្គាម របស់អ៉ីស្រាអែល ស្របពេលលោក បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយស៉ីរី ដែលជាសម្ព័ន្ធមិត្ត កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤។
លោក Araghchi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងដាម៉ាស ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសស៉ីរី និងជាមួយប្រធានាធិបតីស៉ីរី ដូច្នេះថា «បញ្ហាដែលសំខាន់បំផុតនាពេលនេះ គឺបទឈប់បាញ់ ជាពិសេសនៅហ្កាហ្សា និងលីបង់»។ ទស្សនកិច្ចរបស់លោក Araghichi នៅស៉ីរី ដែលជាលើកដំបូង ក្រោយចូលកាន់តំណែងកាលពីខែសីហា គឺស្របពេលដែល សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅហ្កាហ្សា ឈានជិតដល់រយៈពេល ១ឆ្នាំគត់។
ជម្លោះនោះ ឥឡូវក៏បានរាលដាលចូលដល់ប្រទេសលីបង់ ផងដែរ បន្ទាប់ពីអ៉ីស្រាអែល បានបង្កើនប្រតិបត្តិការយោធាយ៉ាងខ្លាំង ប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងតែពីថ្ងៃទី២៣ ខែកញ្ញាមក។ ក្នុងសប្តាហ៍នេះ អ៉ីស្រាអែល បានទម្លាក់គ្រាប់បែកកម្ទេចផ្លូវមួយ ដែលតភ្ជាប់លីបង់និងស៉ីរី ក្រោមហេតុផលថា ដើម្បីទប់ស្កាត់លំហូរសព្វាវុធមកក្រុមហេសបូឡា ពីប្រទេសស៉ីរី។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោករដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានបំពេញទស្សនកិច្ចនៅទីក្រុងបេរូតរបស់លីបង់ ហើយបានអំពាវនាវ ឱ្យមានបទឈប់បាញ់នៅទីនោះ ដែលអាចទទួលយកបានសម្រាប់ហេសបូឡា ព្រមទាំងបទឈប់បាញ់ នៅហ្កាហ្សា៕