(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅចូលរួម កិច្ចប្រជុំអន្តរជាតិមួយ ដើម្បីពិភាក្សា អំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតក្នុងក្រុង Ramstein ក្បែរទីក្រុង Frankfurt ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំសម្ព័ន្ធមិត្តជាង៥០ប្រទេស របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «យើងកំពុងត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ Ramstein លើកទី២៥ នាថ្ងៃទី១២ ខែតុលា ដែលនឹងប្រព្រឹត្តទៅក្នុងកម្រិតមេដឹកនាំ ជាលើកដំបូង»។
គួរបញ្ជាក់ថា កិច្ចប្រជុំនោះនឹងកើតឡើង ចំពេលវេលាដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន គឺមុនសហរដ្ឋអាមេរិក ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាដើមខែវិច្ឆិកាខាងមុខ ដែលអាចនឹងមើលឃើញ មានការកាត់បន្ថយការគាំទ្រដែលទីក្រុងកៀវ ទទួលបានពីខ្នងបង្អែកធំបំផុតរបស់ខ្លួន។ បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាយូរមកហើយ បានរិះគន់ជំនួយយោធា គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៉ីនតោន បានផ្តល់ឱ្យអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕