(អ៉ីស្លាម៉ាបាដ)៖ ប៉ូលិស នៅក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកអំឡុងពេលប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រ របស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយប្រឆាំងនឹងការហាមឃាត់មិនឱ្យមានការប្រមូលផ្តុំគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០២៤។

អាជ្ញាធរបានបិទទីក្រុងអ៉ីស្លាម៉ាបាដ រួមទាំងសេវាទូរស័ព្ទដើម្បីការពារមិនឱ្យមានការប្រមូលផ្តុំគ្នាណាមួយ ខណៈប៉ាគីស្ថានកំពុងរឹតបន្តឹងសន្តិសុខ ក្នុងពេលត្រូវរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់។ ទូកុងតឺន័រជាច្រើនត្រូវបានដាក់ដើម្បីបិទច្រកចូលមកក្នុងទីក្រុង ដែលយាមកាមដោយប៉ូលិស និងទាហានប៉ារ៉ាមួយចំនួនធំ។ ប៉ុន្តែ ក្រុមអ្នកគាំទ្ររបស់លោក Khan បាននាំសម្រុកចូលមកទីក្រុង ដោយបើតាមគណបក្ស PTI ក្នុងចំណោមអ្នកគាំទ្រនោះ ក៏មានបងប្អូនស្រីរបស់លោក Khan ដែលត្រូវកងកម្លាំងអនុវត្តច្បាប់ចាប់ឃុំខ្លួន ផងដែរ។

ក្រុមអ្នកតវ៉ាជាច្រើនបានស្រែកឱ្យដោះលែង លោក Khan ដែលកំពុងជាប់ពន្ធនាគារ ដោយកាន់រូូបថតរបស់លោក និងស្លាកគណបក្ស PTI នៅចម្ងាយតិចជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ក្រហមរបស់ប្រទេសប៉ាគីស្ថាន ដូចជារដ្ឋសភា និងស្ថានទូតបរទេសនានា។ ដោយលើកឡើងពីព្រឹត្តិការណ៍ការទូតនានា រដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi គូសបញ្ជាក់ថា «វាជាសិទ្ធិពួកគេក្នុងការរៀបចំការជួបជុំ ប៉ុន្តែវាមិនមែនជាពេលវេលាសមស្របនោះទេ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានស្ថិតនៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ អំឡុងពេលមានបាតុម្មកាលពីថ្ងៃសុក្រ ខណៈដែលរដ្ឋធានីមួយនេះ ត្រៀមរៀបចំកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា លោក Subrahmanyam Jaishankar ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនោះ ផង​ដែរ។ ដោយឡែក គណៈប្រតិភូមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវទៅដល់ទីក្រុងអ៉ីស្លាម៉ាបាដ មុនពេលកិច្ចប្រជុំ៕