(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈបូព៌ាបានឡើងកម្តៅជាបន្តបន្ទាប់ដែលបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីថ្ងៃទី២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងនូវ"ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតសម្រាប់ ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។

ប្រការនេះក៏បានឆ្លុះបញ្ចាំងពីគោលជំហរជាប់រហូតមករបស់ចិនក្នុងការដោះស្រាយការប៉ះទង្គិចនិងបញ្ហាចំណុចក្តៅអន្តរជាតិ ពោលគឺ ជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធី និងជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយ។ ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ឆ្នាំមក ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវ គោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការអនុវត្តតាមគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ជានិច្ចកាល ចិនតែងតែជាស្ថាបនិកនៃ សន្តិភាពរបស់ពិភពលោកជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលបានដើរតាមផ្លូវទំនើបកម្មនៃការអភិវឌ្ឍដោយសន្តិភាព ។

នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ឱនភាពអភិវឌ្ឍន៍សកលបាននិងកំពុងកើនឡើង ហើយសណ្តាប់ធ្នាប់អន្តរជាតិ បាននិងកំពុង រងការវាយប្រហារ។ ប្រឈមមុខនឹងសំណួរក្នុងយុគសម័យដែលថា «តើយើងនឹងកសាងពិភពលោកយ៉ាងណាមួយនិងកសាងពិភពលោកនេះតាមរបៀបណា ?» ប្រទេសចិនបានផ្តល់ ចម្លើយជាស្រេច គឺកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក។

ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ឆ្នាំមក ប្រទេសចិនមិនដែលបំផុសដោយម្ចាស់ការនូវសង្គ្រាមនិងការប៉ះទង្គិចណាមួយនោះទេ ហើយក៏មិនដែល ឈ្លានពានប្រទេសដទៃទៀតសូម្បីតែទឹកដីមួយអ៊ីញក៏គ្មានដែរ។ គោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានដែលបានលើកឡើងក្នុងទសវត្សរ៍ឆ្នាំ៥០ នៃសតវត្សរ៍ មុនបានក្លាយជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិនិងគោលការណ៍នៃច្បាប់អន្តរជាតិ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហា ចំណុចក្តៅអន្តរជាតិសំខាន់ៗផងដែរ។

កាលពីឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានផ្តល់នូវការណែនាំជាមូលដ្ឋាន សម្រាប់ដោះស្រាយឱនភាពសន្តិសុខ និងស្វែងរកសន្តិភាពយូរអង្វែង។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្របនឹងពេលដែលចិនទទួលបានការអភិវឌ្ឍកម្លាំងសន្តិភាពក៏កាន់តែខ្លាំងក្លាឡើងផងដែរ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃថា ការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនគឺជាបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមាន អំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល។

សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព។ បើមើលពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាចំណុចក្តៅភាគច្រើន ដាច់ខាតបានកើតឡើងនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ។ មានតែជំរុញការអភិវឌ្ឍរួមប៉ុណ្ណោះ ទើបអាចលុបបំបាត់ប្រភពដើមនៃការប៉ះទង្គិចបាន។ ក្នុងវិស័យនេះ ចិនក៏បាននិងកំពុងធ្វើ កិច្ចខិតខំប្រឹងប្រែងដែលតែងតែធ្វើជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកផងដែរ។ ក្នុងចំណោមនោះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយប្រទេសចិនបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ពិភពលោក។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយ ប្រទេសចិនបានធ្វើឱ្យកម្លាំងរបស់ពិភពលោកទាំងមូលក្នុងការរួមគ្នាស្វែងរកការអភិវឌ្ឍមានភាពខ្លាំងក្លាឡើងជាបន្តបន្ទាប់។

ការគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍត្រូវការរបៀបរៀបរយអន្តរជាតិដែលមានភាពយុត្តិធម៌និងសមហេតុសមផល។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក ប្រជាជនបានមើលឃើញថា ក្នុងកាលៈទេសៈពហុភាគី ប្រទេសចិនប្រកាន់ខ្ជាប់នូវការបញ្ចេញមតិដ៏ត្រឹមត្រូវនិងជួយពុះពារឧបសគ្គ និងដោះស្រាយការលំបាក់ដល់ប្រទេសកំពុង អភិវឌ្ឍន៍ ដែលតែងតែធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ឆ្នាំ ប្រជាជនចិនកាន់តែយល់ឃើញយ៉ាងជ្រាលជ្រៅថា មនុស្សជាតិគឺជា សហគមន៍រួមវាសនាដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។

សម្លឹងមើលទៅអនាគត ការប្តេជ្ញាចិត្តរបស់ចិនក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព ជាមួយបណ្តាប្រទេសនានានឹងមិនកែប្រែទេ ហើយការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការអភិវឌ្ឍរួម របស់ពិភពលោកក៏នឹងមិនកែប្រែដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន