(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបាននិយាយថាខ្លួនបានវាយប្រហារតាមផ្លូវអាកាស១៥លើក កាលពីថ្ងៃសុក្រ ទី៤ ខែតុលា ប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ជាទីដែលសាក្សីជាច្រើននាក់បានអះអាងពីការឮសូរស្នូរផ្ទុះនៅឯមូលដ្ឋានយោធា និងអាកាសយានដ្ឋានមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ទីបញ្ជាការកណ្ដាលយោធាអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា បានបញ្ជាក់ទៀតថាគោលដៅដែលរងការវាយប្រហារគឺមានជាប់ពាក់ព័ន្ធនឹងសមត្ថភាពវាយប្រហាររបស់ ក្រុមហ៊ូទី ប៉ុន្តែមិនបានលម្អិតថាតើគោលដៅវាយប្រហារទាំងនោះអាចជាមូលដ្ឋានមីស៊ីល ដ្រូន ឬប្រព័ន្ធរ៉ាដា ឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានដឹកនាំការវាយប្រហារច្រើនជាង ១០០លើកប្រឆាំងនឹងកប៉ាល់នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ហើយថាការវាយប្រហាររបស់ពួកគេមានគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា៕