(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែតុលាថាលោកផ្ទាល់យល់ថាអ៉ីស្រាអែលគួរតែ វាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ North Carolina និងចង់សំដៅលើសំណួរដែលក្រុមអ្នកសារព័ត៌មានបានចោទសួរ ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន ក្នុងសប្ដាហ៍នេះពីលទ្ធភាពដែលអ៉ីស្រាអែលវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ សម្រាប់លោក ដូណាល់ ត្រាំ អ៉ីស្រាអែលគួរតែវាយប្រហារ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ «នៅពេលដែលពួកគេសួរគាត់អំពីសំណួរនោះ ចម្លើយនោះគឺគួរតែវាយប្រហារលើរោងចក្រនុយក្លេអ៊ែរជាមុនសិន ហើយចាំបារម្ភពីរឿងផ្សេង»។ នេះជា ការគូសបញ្ជាក់របស់លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីថ្ងៃពុធកន្លងទៅនេះបានបង្ហាញការជំទាស់ទៅនឹងការវាយប្រហារណាមួយរបស់អ៉ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៊ីល បាលិស្ទីគជិត២០០គ្រាប់ លើអ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីរ៉ង់មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់អ៉ីស្រាអែលទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមថា នឹងសងសឹកអ៉ីរ៉ង់វិញយ៉ាងចាស់ដៃ៕