(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីថ្មីនៃប្រទេសម៉ិកស៉ិក លោកស្រី Claudia Sheinbaum បានប្រកាសពីផែនការធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី ខណៈម៉ិកស៉ិក ត្រូវបានគេស្គាល់ថាជាប្រទេសមួយ មានអំពើហិង្សាយេនឌ័រខ្ពស់បំផុតលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ ២០២៤។

នៅម៉ិកស៉ិក ស្រ្តីរកប្រាក់បានចំនួន ៦៥ប៉េសូ ឬស្នើ ៣.៣៦ដុល្លារ ប្រៀបធៀបនឹងបុរសរកបាន ១០០ប៉េសូ ឬស្មើនឹង ៥.១៧ដុល្លារ ក្នុងមួយថ្ងៃ។ តាមលោកស្រីប្រធានាធិបតី Sheinbaum ផែនការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល គឺដើម្បីបញ្ជាក់ពីការពង្រីកសិទ្ធិស្ត្រី រួមទាំងផ្តល់ការធានាមួយដោយរដ្ឋធម្មនុញ្ញ ជុំវិញប្រាក់ឈ្នួល និងការងារស្មើភាពគ្នា។

ផែនការធ្វើកំណែទម្រង់នេះ ក៏ស្វែងរកការធានាបាននូវសេរីភាព ដោយគ្មានអំពើហិង្សា និងទាមទារឱ្យមានសមភាពយេនឌ័រ នៅក្នុងជួរគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មាត្រាទី ៦នៃរដ្ឋធម្មនុញ្ញក៏នឹងត្រូវកែប្រែផងដែរ រួមទាំងច្បាប់បន្ទាប់បន្សំផ្សេងទៀត ហើយត្រូវអនុម័តដោយសភាទាំងពីរ ដែលគ្រប់គ្រងដោយគណបក្ស Morena ជាបក្សកាន់អំណាច និងក្រុមចម្រុះសំលេងភាគច្រើន។

គួរបញ្ជាក់ថា លោកស្រី Sheinbaum ធ្លាប់ជាអភិបាលក្រុងម៉ិកស៉ិក និងជាសិស្សរបស់អតីតប្រធានាធិបតី លោក Andres Manuel Lopez Obrador។ ក្រោយចូលកាន់តំណែងក្នុងសប្តាហ៍នេះ លោកស្រីបានប្តេជ្ញាជួយ និងការពារសិទ្ធិស្ត្រី៕