(តូក្យូ)៖ ក្នុងសុន្ទរកថាគោលនយោបាយលើកដំបូង នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានព្រមានថា បច្ចុប្បន្នភាពអ៊ុយក្រែនសព្វថ្ងៃ អាចនឹងក្លាយជាបច្ចុប្បន្នភាពរបស់អាស៉ីបូព៌ា នាពេលអនាគត ខណៈបញ្ហាក្នុងស្រុក ដែលត្រូវដោះស្រាយបន្ទាន់ នោះគឺអត្រាកំណើតទាប ក៏ដូចជាបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ ២០២៤។

លោក Ishiba បានប្រាប់សភាថា «មនុស្សជាច្រើនខ្លាចបញ្ហានៅអ៊ុយក្រែនឥលូវនេះ នឹងក្លាយជាបញ្ហាសម្រាប់តំបន់អាស៉ីបូព៌ា នៅថ្ងៃស្អែកចុះហេតុអ្វីបានជាមិនរារាំង អ្វីដែលកំពុងកើតឡើង នៅអ៊ុយក្រែន?»។ លោកបានបន្ថែមថា «បើបូកទាំង​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា សហគមន៍​អន្តរជាតិហាក់​កាន់តែ​បែក​បាក់​ និង​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​»។ លោក Ishiba ក៏បន្តគាំទ្រ ការបង្កើតសម្ព័ន្ធភាពយោធាក្នុងតំបន់ ក្រោមក្របខណ្ឌនៃអង្គការណាតូ ដោយនិយាយថា បរិយាកាសសន្តិសុខនៅអាស៉ី ឥលូវនេះកំពុងមានភាពប្រឈមខ្លាំង គិតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២។

ជុំវិញបញ្ហាក្នុងស្រុក លោក Ishiba ចាត់ទុកស្ថានភាពអត្រាកំណើតនៅជប៉ុនថា «ស្ថិតក្នុងភាពអាសន្នខ្លាំង» ដោយបន្ថែមថារដ្ឋាភិបាល កំពុងជំរុញវិធានការបន្ថែមដើម្បីជួយដល់អ្នកមានក្រុមគ្រួសារ ដូចជាការផ្តល់ម៉ោងធ្វើការ ដែលអាចបត់បែនបាន ជាដើម។ លោកនាយករដ្ឋមន្រ្តីថ្មីរូបនេះ ក៏បានលើកឡើងផងដែរ នូវបំណងដំឡើងប្រាក់ឈ្នួលអប្បបរមា ជាមធ្យមឱ្យដល់ ១,៥០០យ៉េន ស្មើនឹង ១០.២០ដុល្លារក្នុងមួយម៉ោង ពោលគឺកើនឡើងជិត ៤៣ភាគរយ បើប្រៀបធៀបនឹងចំនួន ១,០៥០យ៉េន ក្នុងពេលបច្ចុប្បន្ន ហើយមិនធ្លាប់មានឡើយនៅជប៉ុន ក្នុងរយៈពេលមួយទសវត្សរ៍៕