(បេរូត)៖ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរមកដល់ រដ្ឋធានីបេរូតនៃប្រទេសលីបង់ ស្របពេលដែលអ៉ីស្រាអែល បន្តបង្កើនការវាយប្រហាររបស់ខ្លួន ប្រឆាំងក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយលីបង់ បានរាយការណ៍ថា យន្តហោះអ៉ីរ៉ង់១គ្រឿង បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri ដោយមានលោករដ្ឋមន្រ្តីការបរទេស Araghchi ជិះនៅលើនោះ។ វាគឺជាទស្សនកិច្ចដំបូងបំផុតធ្វើឡើង ដោយមន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ គិតចាប់តាំងពីមេដឹកនាំហេសបូឡា លោក Hassan Nasrallah បានស្លាប់នៅទីក្រុងបេរូត ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែល កាលពីសប្តាហ៍មុន។ បើតាមអាជ្ញាធរលីបង់ ចន្លោះពេល២៤ម៉ោងចុងក្រោយ មនុស្ស៣៧នាក់ទៀត ទើបតែបាត់បង់ជីវិត និង១៥១នាក់បានរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោករបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ការវាយប្រហាររយៈពេលជាង ២សប្តាហ៍មកនេះ របស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡា នៅប្រទេសលីបង់ បានសម្លាប់មនុស្សសរុបលើស ១,៣០០នាក់ ហើយបង្ខំឱ្យជាង១លាននាក់ ត្រូវរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីរ៉ង់បានបាញ់ស្រោចមីស៉ីលប្រមាណ ២០០គ្រាប់ ទៅលើអ៉ីស្រាអែល ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា វាគឺជាកំហុសដ៏ធំមួយរបស់អ៉ីរ៉ង់ ហើយបាន​ព្រមានសងសឹកវិញ៕