(បេរូត)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Ali Hamieh បានប្រាប់ Reuters ឱ្យដឹងថា ការវាយប្រហារតាមអាកាស របស់អ៉ីស្រាអែល នៅព្រឹកថ្ងៃសុក្រ ទី៤ ខែតុលានេះ (ម៉ោងក្នុងតំបន់) ធ្វើឡើងនៅក្បែរនឹងច្រកព្រំដែន Masnaa របស់លីបង់ជាមួយស៉ីរី ដោយបានកាត់ផ្តាច់ផ្លូវថ្នល់ ដែលបម្រើដល់ការឆ្លងកាត់សម្រាប់មនុស្សរាប់រយនាក់ ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល នារយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោក Hamieh និយាយថា ការវាយប្រហាររបស់អ៉ីស្រាអែល គឺចូលមកក្នុងទឹកដីលីបង់ ក្បែរច្រកព្រំដែន ហើយបង្កើតបានជារណ្ដៅទំហំបួនម៉ែត្រ។ លោកបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ច្រកព្រំដែននេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់លីបង់សុទ្ធសាធ។ ដោយឡែក អ្នកនាំពាក្យនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) បានចោទប្រកាន់ចលនាប្រដាប់អាវុធហេសបូឡា ថាប្រើប្រាស់ច្រកព្រំដែននេះ ដើម្បីដឹកជញ្ជូនសម្ភារយោធា ចូលក្នុងប្រទេសលីបង់។ ក្នុងសារមួយបង្ហោះតាមបណ្តាញសង្គម X អ្នកនាំពាក្យរបស់ IDF លោក Avichay Adraee គូសបញ្ជាក់ថា «IDF នឹងមិនអនុញ្ញាតឱ្យមានការរត់ពន្ធអាវុធនោះទេ ហើយមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសកម្មភាព ប្រសិនបើត្រូវបានបង្ខំឱ្យធ្វើ ដូចដែលខ្លួនបានធ្វើពេញមួយសង្រ្គាមទៅហើយ»។
គួរបញ្ជាក់ថា តាមស្ថិតិរបស់រដ្ឋាភិបាលលីបង់ មនុស្សជាង ៣០០,០០០នាក់ ដែលភាគច្រើនជាជនជាតិស៉ីរី បាននិងកំពុងឆ្លងចេញពីលីបង់ ចូលទៅក្នុងប្រទេសស៉ីរីក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៉ីស្រាអែល៕