(កៀវ)៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា រូបលោកបានចេញបញ្ជា ឱ្យមានការពង្រឹងបន្ថែមទៀត ចំពោះខ្សែបន្ទាត់ការពារនៅតំបន់ Donetsk ភាគខាងកើត បន្ទាប់ពីទីក្រុងកៀវបានប្រកាសទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនបានដកថយចេញពីទីក្រុង Vuhledar។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសទទួលស្គាល់ ការបាត់បង់ទីក្រុង Vuhledar ដោយនិយាយថា ការសម្រេចចិត្ត ឱ្យកងទ័ពអ៊ុយក្រែនដកថយ ដើម្បីការពារអាយុជីវិតរបស់ពួកគេ គឺជារឿងដ៏សំខាន់។ កាលពីថ្ងៃពុធ យោធាអ៊ុយក្រែន បាននិយាយថា កងកម្លាំងត្រូវបានដកចេញពីទីក្រុង Vuhledar គឺដើម្បីចៀសវាង កុំឱ្យពួកគេត្រូវបានឡោមព័ទ្ធ ដោយកងទ័ពរុស្ស៉ី។

គួរបញ្ជាក់ថា ស្របពេលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី អូសបន្លាយដល់រយៈពេលជាង២ឆ្នាំកន្លះហើយនោះ កងកម្លាំងអ៊ុយក្រែន នាពេលនេះ ស្ថិតក្នុងស្ថានភាពទប់ទល់ ប្រឆាំងការវាយលុករបស់រុស្ស៉ី។ កងទ័ពរុស្ស៉ី កំពុងបន្តរុលឆ្ពោះទៅមុខដោយសន្សឹមៗ នៅចំណុចសមរភូមិសំខាន់ៗ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន បើទោះបីអ៊ុយក្រែន បានបើកការវាយលុកយ៉ាងភ្ញាក់ផ្អើលមួយ ទម្លុះចូលតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី កាលពីខែសីហា ក៏ដោយ៕