(ហ្សាការតា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីការទូតជាន់ខ្ពស់ម្នាក់នៅឥណ្ឌូណេស៉ី បានបង្ហើបឱ្យដឹងថា កិច្ចពិភាក្សាការទូត ស្តីពីវិបត្តិសង្រ្គាមស៉ីវិលមីយ៉ាន់ម៉ា នឹងប្រព្រឹត្តទៅ នៅទីក្រុងហ្សាការតា មុនកិច្ចប្រជុំអាស៊ាន ដែលត្រូវធ្វើឡើង នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤។

ប្រភពខាងលើបានប្រាប់ថា កិច្ចពិភាក្សានោះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមវត្តមានរបស់អ្នកតំណាងមកពីឥណ្ឌូណេស៉ី អាស៊ាន សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ព្រមទាំងសមាជិកនៃបណ្តាក្រុមដែលប្រឆាំង​របបសឹកមីយ៉ាន់ម៉ា ខណៈរដ្ឋាភិបាលយោធា គឺមិនត្រូវបានរំពឹងថា ចូលរួមឡើយ។

កិច្ចពិភាក្សាខាងលើ ស្តីពីជម្លោះយ៉ាងបង្ហូរឈាម នៅមីយ៉ាន់ម៉ា ចាប់តាំងតែពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ កើតមានឡើងមុនពេល ដែលបណ្តាប្រទេសអាស៊ាន ត្រូវជួបជុំគ្នាបើកកិច្ចប្រជុំកំពូល នៅឯប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា។ វិបត្តិមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា នឹងស្ថិតក្នុងរបៀបវារៈចម្បង នៃកិច្ចប្រជុំកំពូលនោះ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ អាស៊ានបានព្យាយាមជំរុញកិច្ចប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ប៉ុន្តែទទួលបាន​ភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ខណៈបណ្តាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួម កិច្ចប្រជុំជាន់ខ្ពស់របស់​អាស៊ានឡើយ។ វិបត្តិមីយ៉ាន់ម៉ា ក៏បានបង្កការខ្វែងគំនិត ក្នុងចំណោមសមាជិកអាស៊ានផងដែរ អំឡុងកិច្ចប្រជុំកំពូលកន្លងមក ដោយ​ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងហ្វីលីពីន នាំគ្នាអំពាវនាវឱ្យមានចំណាត់ការតឹងរ៉ឹងជាងមុន ប្រឆាំងមេដឹកនាំរដ្ឋប្រហារយោធា៕