(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលានេះបាននិយាយថាលោកផ្ទាល់មិនជឿនោះទេថានឹងមានសង្រ្គាមទាំងស្រុង នៅក្នុង តំបន់មជ្ឈិមបូព៌ា ដែលកំពុងស្ថិតនៅមាត់ជោះនៃសង្រ្គាមដោយសារជម្លោះនៅហ្កាហ្សា នៅលីបង់ និងការគំរាមសងសឹករបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមលោក ចូ បៃដិន សង្រ្គាមទាំងស្រុងអាចត្រូវបានបញ្ចៀស ប៉ុន្តែវាតម្រូវឱ្យមានកិច្ចប្រឹងប្រែងជាច្រើន។ ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើលោក មានទំនុកចិត្តប៉ុនណាដែលថាសង្រ្គាមបែបនេះអាចបញ្ចៀសបាន លោក បៃដិន បាននៅស្ងៀមបន្តិច ហើយនិយាយទៅកាន់ម្ចាស់សំណួរថា «តើអ្នកទាំងអស់គ្នាមានជំនឿចិត្ត ខ្លាំងប៉ុនណាថានឹងមិនមានភ្លៀងធ្លាក់? មើលចុះ ខ្ញុំមិនជឿនោះទេថានឹងមិនមានសង្រ្គាមទាំងស្រុង ហើយខ្ញុំគិតថាយើងអាចបញ្ចៀសវាបាន»។ បន្ថែមពីលើនេះ ឆ្លើយតបទៅ នឹងសំណួរដែរសួរថាតើសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពទៅជួយអ៉ីស្រាអែលដែរឬទេ? លោក បៃដិនបានបញ្ជាក់ថា «យើងកំពុងជួយអ៉ីស្រាអែលហើយ ហើយយើងក៏នឹង ការពារអ៉ីស្រាអែលផងដែរ»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានកើនដល់ចំណុចខ្ពស់សាជាថ្មី ក្រោយអ៉ីរ៉ង់បាញ់មីស៊ីលជិត ២០០គ្រាប់លើអ៉ីស្រាអែលកាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ជាការសងសឹកទៅនឹងសកម្មភាពយោធារបស់អ៉ីស្រាអែលនៅលីបង់។ អ៉ីស្រាអែលក៏បានគំរាមដែរថានឹងសងសឹកអ៉ីរ៉ង់វិញឱ្យបានចាស់ដៃ៕