(យូអិន)៖ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងនៃប្រទេសលីបង់ នឹងមិនចាកចេញទៅណានោះទេ បើទោះជាអ៉ីស្រាអែលបានស្នើឱ្យពួកគេ ជម្លៀសខ្លួនចេញជាបន្ទាន់ក៏ដោយ។ នេះបើតាមប្រមុខកងកម្លាំងរក្សាសន្តិភាព UN ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រមុខកងកម្លាំងរក្សាសន្តិភាព UN លោក ហ្សង់ ព្យែរ ឡាគ្រ័រ (Jean-Pierre Lacroix) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ដូច្នេះថា «កងកម្លាំងរក្សាសន្តិភាពនឹងបន្តធ្វើការងាររបស់ពួកគេ ដើម្បីអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងស្ថានការណ៍ដ៏លំបាកនេះជាមួយការត្រៀមផែនការ សម្រាប់គ្រាអាសន្នរួចជាស្រេច ដើម្បីប្រឈមមុខនឹងទាំងលទ្ធផលល្អ និងមិនល្អ»។
បេសកកម្មអង្គការសហប្រជាជាតិប្រចាំតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ឬហៅកាត់ថា UNIFIL ទទួលបានអាណត្តិបញ្ជាពីក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីជួយដល់កងទ័ព លីបង់ ក្នុងការថែរក្សាតំបន់មួយនេះមិនឱ្យមានអាវុធ និងកងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែបានធ្វើឱ្យមានភាពតានតឹងជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ដែលកំពុងគ្រប់គ្រង តំបន់ភាគខាងត្បូងលីបង់។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីដើមសប្ដាហ៍នេះបានស្នើឱ្យកងកម្លាំងរក្សាសន្តិភាព UN ជម្លៀសខ្លួនចេញពីទីតាំងរបស់ពួកគេឱ្យបានចម្ងាយ ៥គីឡូម៉ែត្រពីព្រំដែនរវាងលីបង់ និងអ៉ីស្រាអែល ដែលគេហៅថា «Blue Line» ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីសុវត្ថិភាព ខណៈកងទ័ពអ៉ីស្រាអែលកំពុងបើកការវាយលុកថ្មើរជើងទ្រង់ទ្រាយតូច នៅភាគខាងត្បូងលីបង់៕