(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់ ២១២នាក់ហើយ បន្ទាប់ពីព្យុះ Hurricane Helene បង្កការបំផ្លិចបំផ្លាញនៅតាមរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ដោយធ្វើឱ្យវាក្លាយជាព្យុះសម្លាប់មនុស្សច្រើនបំផុតទី២ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីព្យុះ Katrina។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP។

បើតាមក្រុមមន្ត្រីអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តួលេខអ្នកស្លាប់ដោយសារព្យុះ Helene បានកើនដល់២១២នាក់ នៅតាមរដ្ឋជាច្រើនដូចជា North Carolina South Carolina, Georgia, Florida, Tennessee និងរដ្ឋ Virginia ហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានជាងពាក់កណ្ដាលត្រូវបានរាយការណ៍នៅក្នុងរដ្ឋ North Carolina ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃជាប់ៗគ្នា ទៅកាន់តំបន់រងគ្រោះ ដើម្បីបង្ហាញការគាំទ្រ និងសន្យាជួយដល់ប្រជាជនរងគ្រោះ។

គួរបញ្ជាក់ថា Hurricane Helene បានក្លាយជាព្យុះសម្លាប់មនុស្សច្រើនបំផុតទី២ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីព្យុះ Katrina ដែលបានសម្លាប់មនុស្ស ១៣៩២នាក់ កាលពីឆ្នាំ២០០៥៕