(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថាកងកម្លាំងរបស់លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយគ្មានការស្ទាក់ស្ទើរ ប្រសិនបើ បូរណភាពទឹកដីរបស់ព្យុងយ៉ាងរងការឈ្លានពានពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ បានស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើសត្រូវ...ព្យាយាមប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធដើម្បីឈ្លានពានអធិបតេយ្យរបស់កូរ៉េខាងជើង...កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ទាំងដែលខ្លួនមាន ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ»។ បើតាម KCNA​ លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃពុធ ទី២ ខែតុលា អំឡុងធ្វើទស្សនកិច្ចចុះត្រួតពិនិត្យ មូលដ្ឋានបណ្ដុះបណ្ដាលកងកម្លាំងពិសេសមួយរបស់កូរ៉េខាងជើង នៅភាគខាងលិចរដ្ឋធានីព្យុងយ៉ាង។

ការកត់សម្គាល់របស់លោក គីម ក៏ធ្វើឡើងតែប៉ុន្មានថ្ងៃផងដែរ ក្រោយកូរ៉េខាងត្បូងធ្វើព្យុហយាត្រាយោធាមួយកាលពីដើមសប្ដាហ៍កន្លងទៅនេះ ជាពេលដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានគំរាមពីទីបញ្ចប់នៃរបបដឹកនាំកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានប្រើអាវុធនុយក្លេអ៊ែរ។ «ប្រសិនបើ កូរ៉េខាងជើងព្យាយាមប្រើអាវុធនុយក្លេអ៊ែរ នោះពួកគេនឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងជាទីបំផុតពីយោធារបស់យើង និងពីសម្ព័ន្ធភាពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលនឹងនាំទៅរកទីបញ្ចប់នៃការរបបដឹកនាំកូរ៉េខាងជើង»។ នេះជាការគូសបញ្ជាក់របស់លោក យូន ស៊ុកយុល។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានធ្លាក់ចុះដុនដាបដល់ចំណុចទាបបំផុតមួយ នាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមិនតែប៉ុណ្ណោះកូរ៉េខាងជើង ថ្មីៗនេះក៏បានប្រកាសផងដែរពីការដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់មីស៊ីលបាលិស្ទីក ២៥០គ្រឿងនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាប់ជាមួយកូរ៉េខាងត្បូង៕