(តៃប៉ិ)៖ មកទល់នឹងថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលានេះ ព្យុះទីហ្វុង Krathon ដែលបានឆក់យកជីវិតមនុស្ស ២នាក់រួចហើយនោះ កំពុងបន្តវាយលុកលើកោះតៃវ៉ាន់ ប៉ុន្តែបានថមថយឥទ្ធិពលបន្តិច នាំឱ្យជើងហោះហើររាប់រយបន្តផ្អាក និងបិទទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការព្យាករ Krathon នឹង​ថមថយឥទ្ធិពលមកជាព្យុះទីហ្វុង​ប្រភេទទី ២ ពេលបោកបក់មកដល់ទីក្រុង​កំពង់ផែ Kaohsiung ភាគ​និរតី នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ យ៉ាងនេះក្តី រដ្ឋបាលតៃវ៉ាន់ នៅតែ​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ​ខ្យល់ព្យុះ​ និងរលកសមុទ្រខ្ពស់។ ព្យុះនេះនឹងរំកិលបន្តិចម្តងៗ ឆ្ពោះទៅកាន់តំបន់ទំនាបភាគខាងលិចនៃកោះតៃវ៉ាន់ ហើយចុះខ្សោយឥទ្ធិលពលទៅជាព្យុះត្រូពិច នៅយប់ថ្ងៃសុក្រ មុនពេលទៅដល់ទីក្រុងតៃប៉ិ។

ជើងហោះហើរក្នុងស្រុកទាំងអស់ ត្រូវបានលុបចោលចូលដល់ថ្ងៃទីពីរ ក៏ដូចជាជើងហោះហើរអន្តរជាតិចំនួន ២៣៦ ផងដែរ។ រីឯ ខ្សែរថភ្លើងល្បឿនលឿន ពីភាគខាងជើងទៅភាគត្បូងតៃវ៉ាន់ ត្រូវផ្អាករហូតដល់ពេលព្រលប់។ ទីផ្សារ​ហិរញ្ញវត្ថុតៃវ៉ាន់​ ក៏ត្រូវ​បិទ​សម្រាប់​ថ្ងៃ​ទី​ពីរ​ដែរ។

គួរបញ្ជាក់ថា ជារឿយៗ ព្យុះទីហ្វុងតែងវាយលុកឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ដែលនៅប្រឈមនឹងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែព្យុះ Krathon មានឥទ្ធិលពលមិនធម្មតាទេ ព្រោះវាបោកបក់ដោយផ្ទាល់ចូលទៅដល់ឆ្នេរសមុទ្រ ភាគខាងលិចតៃវ៉ាន់តែម្តង៕