(បាងកក)៖ មនុស្សប្រហែល ២០,០០០នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ ដោយជាមធ្យមមានច្រើនជាង ៥០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទី ២នៅអាស៉ី បន្ទាប់ពីប្រទេសនេប៉ាល់ ហើយជាប់ចំណាត់ថ្នាក់ទី ១៦នៅលើពិភពលោក ដូចគ្នានឹងប្រទេសឆាដ Chad ប្រទេស Guinea-Bissau ដែរ។ អង្គការឃ្លាំមើលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃ (Thai RSC) បានឱ្យដឹងថា នៅឆ្នាំនេះ មានអ្នកស្លាប់ជាង ១០,០០០ នាក់ និងរបួស ៦០០,០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

អត្រាគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើងខ្ពស់ មាននៅអំឡុងពេលប្រារព្ធពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំថ្មី និងសង្ក្រាន្ត ក៏ដូចជាបុណ្យអុំទូក។ ការបើកបហួសល្បឿនកំណត់ បើកបរក្នុងលក្ខណៈស្រវឹង ស្ថានភាពផ្លូវមិនល្អ និងយានយន្ដគ្មានសុវត្ថិភាព សុទ្ធតែបានរួមចំណែកបង្កគ្រោះថ្នាក់ចរារណ៍។

ដោយឡែក ការ​អនុវត្ត​ច្បាប់​សុវត្ថិភាពត្រូវ​បាន​បំផ្លាញ​ជា​យូរ​មក​ហើយ​ ដោយកត្តា​​ប៉ូលិស​ចរាចរណ៍​ខ្លះទទួល​សំណូកហើយបិទភ្នែកចំពោះ​ករណី​ល្មើស​ច្បាប់ ​ដូច​ជា​ការ​បើកបរ​ហួស​ល្បឿនកំណត់ ឬ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព។ ក្រៅពីនេះ ការត្រួតពិនិត្យ​សុវត្ថិភាពយានយន្ត​ ក៏បានចុះខ្សោយ​ដែរដោយសារ​អំពើ​ពុករលួយ។

គួរបញ្ជាក់ថា ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យ ថៃ ខាតបង់សេដ្ឋកិច្ច គិតជាទំហំទឹកប្រាក់ប្រហែល ១៥.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស៕