(បេរូត)៖ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលានេះ អ៉ីស្រាអែល បានបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានីបេរូត បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ បន្ទាប់ពីកងកម្លាំងរបស់ខ្លួន និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បើកការប្រយុទ្ធគ្នាដោយផ្ទាល់ក្នុងសមរភូមិជើងគោក នៅភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល​និយាយថា នេះការ​វាយ​ប្រហារតាម​ផ្លូវ​អាកាស ដែលកំណត់គោលដៅ​ជាក់លាក់​ ទៅលើ​ក្រុង​បេរូត តែម្តង។ សាក្សី Reuters បានរាយការណ៍ថា មានការបំផ្ទុះដ៏ធំមួយ ហើយសន្តិសុខម្នាក់និយាយថា វាបានកំណត់គោលដៅលើអគារមួយក្នុងសង្កាត់ Bachoura កណ្តាលទីក្រុងបេរូត និងស្ថិតនៅក្បែរអគាររដ្ឋសភា ផងដែរ។ តាមមន្ត្រី​សុខាភិបាល​លីបង់​ យ៉ាង​ហោច​ណាស់មនុស្ស ៦នាក់​ស្លាប់ និង ៧នាក់​​រង​របួស។

នេះជាការកំណត់គោលដៅថ្មីមួយទៀតរបស់អ៉ីស្រាអែល ដែលធ្វើឡើងនៅក្បែរកន្លែងធ្វើការរបស់រដ្ឋាភិបាលលីបង់។ រូបថតមួយសន្លឹកដែលកំពុងត្រូវបានចែកចាយលើគ្រុប WhatsApp របស់លីបង់ បង្ហាញពីអគារមួយខ្នងរងការខូចខាតធ្ងន់ធ្ងរ ជាមួយនិងភ្លើងឆេះនៅជាន់ទី ១។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ បាននៅឡើយទេ។

វាបានកើតឡើងមួយ​ថ្ងៃ​ បន្ទាប់​ពី​អ៉ីរ៉ង់បាញ់ស៉ីលជា ១៨០គ្រាប់​ចូល​ទៅ​អ៉ីស្រាអែល ហើយកាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) កងពលថ្មើរជើង និងអង្គភាពរថពាសដែកអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោក នៅភាគខាងត្បូងលីបង់ ខណៈទាហានអ៉ីស្រាអែល ៨នាក់​ត្រូវ​បាន​សម្លាប់៕