(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃពុធនេះបានកោះប្រជុំមេដឹកនាំក្រុមប្រទេស G7 ជាបន្ទាន់ ដើម្បីពិភាក្សាអំពីវិបត្តិនៅមជ្ឈិមបូព៌ា នៅរសៀលថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ តុលា ឆ្នាំ២០២៤។

ការកោះហៅប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានការណ៍នៅក្នុងតំបន់ ជាពិសេសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល និងអស្ថិរភាពនៅលីបង់។

អ៊ីតាលី ដែលកំពុងកាន់តំណែងប្រធាន G7 បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃដំណោះស្រាយ ១៧០១ របស់អង្គការសហប្រជាជាតិ ដែលបានបញ្ឈប់សង្រ្គាមអ៊ីស្រាអែល-ហេសបូឡាឆ្នាំ ២០០៦។ លោកស្រី Meloni ក៏បានស្នើឱ្យពង្រឹងអាណត្តិរបស់កងកម្លាំងរក្សាសន្តិភាព UNIFIL នៅលីបង់ ដើម្បីធានាសន្តិសុខនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់។

ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កងទ័ពអ៊ីតាលីដែលកំពុងបំពេញបេសកកម្ម UNIFIL នៅលីបង់ក៏កំពុងកើនឡើងផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងមានផែនការជម្លៀសប្រជាជនស៊ីវិល និងបុគ្គលិកចាំបាច់ ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

ទោះជាយ៉ាងណាក៏ដោយ លោក Tajani បានបដិសេធរបាយការណ៍ដែលថា អ៊ីតាលីនឹងដកកងទ័ពចេញពីប្រទេសលីបង់ ដោយបញ្ជាក់ថា អ៊ីតាលីនៅតែប្តេជ្ញាចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕