(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានទទួលព័ត៌មានថា អ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារដោយមីស៊ីលផ្លោង ទៅលើអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

មន្ត្រីរូបនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងជួយអ៊ីស្រាអែលក្នុងការត្រៀមការពារ និងបានព្រមានអ៊ីរ៉ង់ថា ការវាយប្រហារបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា អង្គភាពបញ្ជាការ និងទាហានឆត្រយោងរបស់ខ្លួន បានបើកការវាយឆ្មក់តាមផ្លូវគោគ នៅភាគខាងត្បូងប្រទេសលីបង់ក្នុងការលុកលុយមានកំណត់ប្រឆាំងនឹងក្រុមហេសបូឡា។

បេសកកម្ម​របស់​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហប្រជាជាតិ ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

គួរបញ្ជាក់ថា យោធាអាមេរិកកាលពីថ្ងៃអាទិត្យ បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការពង្រីកជម្លោះ ហើយបាននិយាយថា ខ្លួនកំពុងបង្កើនសមត្ថភាពគាំទ្រផ្លូវអាកាសនៅក្នុងតំបន់ និងដាក់កងកម្លាំងបម្រុង៕