(ផ្លរីដា)៖ ព្យុះ Helene ដែលបានបោកបក់ចូលរដ្ឋផ្លរីដាកាលពីសប្តាហ៍មុន បានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅទូទាំងភាគអាគ្នេយ៍ និងកណ្តាលភាគខាងលិចរបស់សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃចន្ទ ផ្ទះ និងអាជីវកម្មជាង ១.៧លានកន្លែងនៅតែគ្មានថាមពលប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ចំនួននេះបានថយចុះពី ២លាននាក់ ដោយសារក្រុមហ៊ុនថាមពលកំពុងប្រឹងប្រែងស្តារថាមពលឡើងវិញ។ យោងតាមទិន្នន័យពី PowerOutage.us បានឱ្យដឹងថា ព្យុះនេះបានប៉ះពាល់ដល់អតិថិជនប្រហែល ៥.៤ លាននាក់ និងបានសម្លាប់មនុស្សជាង ១០០ នាក់។

ក្រុមហ៊ុន Duke Energy ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលធំជាងគេមួយនៅសហរដ្ឋអាមេរិក បានរាយការណ៍ថា អតិថិជនប្រហែល ៣៩០,០០០ នាក់នៅរដ្ឋ South Carolina និង ២៦៦,០០០ នាក់នៅ North Carolina នៅតែគ្មានថាមពលប្រើប្រាស់។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានស្តារថាមពលឡើងវិញដល់អតិថិជនប្រហែល ១.៣៥ លាននាក់ និងរំពឹងថានឹងស្តារឡើងវិញបានភាគច្រើននៅយប់ថ្ងៃសុក្រ។

ទោះបីជាមានការខិតខំប្រឹងប្រែងស្តារថាមពលឡើងវិញក៏ដោយ ក៏ប្រជាជនរាប់លាននាក់នៅតែប្រឈមមុខនឹងការលំបាកដោយសារតែការដាច់ចរន្តអគ្គិសនី ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ព្យុះ Helene បានបោកបក់មកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំតំបន់ Big Bend នៃរដ្ឋ Florida ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លា គឺ២២៥គីឡូម៉ែត្រក្នុង១ម៉ោង។ ទោះក្រោយមក ព្យុះនេះ​បានថយចុះថាមពល មកនៅត្រឹមជា ព្យុះត្រូពិកក៏ដោយ វាបានបន្សល់ទុក ការបំផ្លិចបំផ្លាញហិនហោច និងការជន់លិចយ៉ាងធ្ងន់ធ្ងរ នៅតាម​កន្លែងដែលវាបានបោកបក់កាត់៕