​(ព្រុចសែល)៖ នៅថ្ងៃអង្គារ ទី១ ខែតុលានេះ នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានចូលកាន់តំណែងជាផ្លូវការ ក្នុងតួនាទីជាអគ្គលេខាធិការថ្មី របស់អង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចូលកាន់តំណែងជាផ្លូវការនេះ គឺបន្ទាប់ពីលោក Rutte ទទួលបានញញួរប្រមុខ NATO ពីលោក Jens Stoltenberg។ លោក Stoltenberg បានឡើងកាន់តំណែងដំបូងជា ប្រមុខបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ កាលពីឆ្នាំ២០១៤។ អាណត្តិរបស់លោក Stoltenberg តាមពិតត្រូវផុតកាលពីឆ្នាំ២០២២ ប៉ុន្តែត្រូវបានអូសបន្លាយបន្ថែម ក្រោយសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើង។

គួរបញ្ជាក់ថា ក្រោយប្រកាសអំពីចំណាប់អារម្មណ៍ ក្នុងតំណែងជាអគ្គលេខាធិការ NATO កាលពីឆ្នាំមុន លោក Rutte ទទួលបានការគាំទ្រភ្លាមៗ ពីសំណាក់សមាជិកសំខាន់ៗ គឺរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម។ ពីដំបូងឡើយ សមាជិកដទៃទៀត ជាពិសេសក្រុមប្រទេសអឺរ៉ុបខាងកើត ហាក់មានភាពស្ទាក់ស្ទើរ ក្រោមហេតុផលថា មុខតំណែងនេះ គួរបានទៅបុគ្គលដែល​មកពីតំបន់របស់ពួកគេម្តង ជាលើកដំបូង។ សមាជិកទាំង៣២ របស់ NATO បានសម្រេចជាឯកច្ឆន្ទ តែងតាំងរូបលោក ជាអគ្គលេខាធិការថ្មី បន្ទាប់ពីលោក Stoltenberg កាលពីចុងខែមិថុនា ឆ្នាំនេះ។ លោក Rutte ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីហូឡង់ ចាប់ពីខែតុលា ឆ្នាំ២០១០ ដល់ខែកក្កដា ឆ្នាំ២០២៤៕