(សេអ៊ូល)៖ នៅថ្ងៃអង្គារ ទី១ ខែតុលានេះ កូរ៉េខាងត្បូងបានរៀបចំពិធីអបអរខួប នៃថ្ងៃកំណើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលក្នុងនោះរួមមានទាំងការធ្វើព្យុហយាត្រាយោធា ចូលរួមជាលើកដំបូងដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ​B-1B ផងដែរ ខណៈកូរ៉េខាងជើងបានចេញមុខរិះគន់ ការដាក់ពង្រាយសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក មកកាន់តំបន់ឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងពិធីខាងលើមានការបង្ហាញវត្តមានសព្វាវុធជាច្រើន រួមមានទាំងយន្តហោះចម្បាំងស៊េរីថ្មី KF-21 ដែលកំពុងស្ថិតក្រោម​ការអភិវឌ្ឍ និងប្រព័ន្ធមីស៉ីលបាលិស្ទីគធំបំផុត របស់កូរ៉េខាងត្បូង​ ហៅថា Hyunmoo-5 ហើយមានកងទ័ពចូលរួមប្រមាណជាង ៥,០០០នាក់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចឱ្យមានការធ្វើព្យុហយាត្រាឡើងវិញ នៅឆ្នាំមុន ក្រោមហេតុផលមួយផ្នែក គឺដើម្បីសម្ញែងកម្លាំងយោធារបស់កូរ៉េខាងត្បូង កំញើញដាក់កូរ៉េខាងជើង។

អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក Kim Kang Il បានរិះគន់វត្តមានយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក ក្នុងព្យុហយាត្រាយោធាកូរ៉េខាងត្បូង ហើយក៏បានចោទប្រកាន់ ទីក្រុងវ៉ាស៉ីនតោន អំពីការដំឡើងសាច់ដុំយោធាយ៉ាងធ្វេសប្រហែស​ផងដែរ តាមរយៈការបញ្ជូន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូង នាពេលថ្មីៗកន្លងទៅនេះ។ ដោយឡែក លោក យូន ក្នុងពិធីខាងលើ បានព្រមានកូរ៉េខាងជើងថា ប្រសិនបើកូរ៉េខាងជើង ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះនឹងត្រូវទទួលរង​ការឆ្លើយតបទៅវិញយ៉ាងលើសលប់បំផុត ពីសំណាក់យោធាកូរ៉េខាងត្បូង និងអាមេរិកដែលជាសម្ព័ន្ធមិត្ត ហើយវានឹងក្លាយជាថ្ងៃអវសាន នៃរបបទីក្រុងព្យុងយ៉ាង៕